រឿង វិព្ភន្តកភិក្ខុ
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវភិក្ខុមួយរូប ដែលលា ចាកសិក្ខបទ ជាសិស្សរបស់ព្រះមហាកស្សបៈ បានសម្រេចនូវ រូបឈាន ទី៤ ។ ថ្ងៃមួយ ភិក្ខុរូបនោះ បានឃើញស្រីរូបស្អាតម្នាក់ ក៏មានចិត្តស្រឡាញ់ យ៉ាងខ្លាំង ទៅលើស្រីនោះ ឣត់ទ្រាំមិនបាន ទើបបានលាចាកសិក្ខាបទ ទៅនៅរួមរស់ ជាមួយនឹងស្រីនោះ រកស៊ីចិញ្ចឹមជីវិត ធ្វើជាចោរកម្ម ។
ពួកឣ្នកស្រុក ចាប់បុរសនោះបានហើយ ក៏យកទៅដាក់គុក រួចហើយ ទើបយកទៅខាងក្រៅ ដើម្បីនឹងប្រហារជីវិតចោល ។ ក្នុងពេលជាមួយគ្នានោះ ព្រះមហាកស្សបៈ បាននិមន្តទៅបិណ្ឌបាត ឃើញបុរសនោះហើយ ក៏បានពោលដាស់តឿន ឲ្យគាត់មានសតិស្មារតី នឹករឮកដល់ភាវនា ដែលខ្លួនគាត់ធ្លាប់បានឣប់រំសន្សំទុកមកពីមុននោះ ។ បុរសជាចោរនោះ លុះបានឮដូច្នោះហើយ ក៏មានសតិស្មារតីភ្លាម ហើយបាននឹកដល់ភាវនានោះ ខំប្រឹងញ៉ាំងឈាន ទី៤ ឲ្យកើតឡើងមួយរំពេច មិនភ័យខ្លាចតក់ស្លុត ចំពោះឣាជ្ញានោះ ។ ពួករាជបុរសទាំងឡាយ បានឃើញ នូវហេតុដ៏ឣស្ចារ្យនោះហើយ ទើបនាំគ្នាទៅក្រាបទូល ដល់ព្រះរាជា ។ ព្រះរាជា ទ្រង់យករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
យោ និព្វនដ្ឋោ វនាធិមុត្តោ
វនមុត្តោ វនមេវ ធាវតិ
តំ បុគ្គលមេវ បស្សថ
មុត្តោ ពន្ធនមេវ ធាវតិ ។
បុគ្គលណា មិនមានឣាល័យ ក្នុងគិហិភាព ដូចដើមឈើតាំងនៅ ក្នុងព្រៃ
មានចិត្តចុះស៊ប់ ក្នុងព្រៃគឺតបធម៌ ជាឣ្នករួចស្រឡះ ចាកព្រៃ គឺតណ្ហាហើយ
ក៏នៅតែស្ទុះទៅរកព្រៃគឺតណ្ហាដដែលវិញ, ឣ្នកទាំងឡាយ ចូរមើលនូវបុគ្គលនោះឯង
បុគ្គលនោះ បានរួចចាកចំណង គឺឃរាវាស ហើយ ក៏នៅតែស្ទុះទៅរកចំណង គឺឃរាវាសវិញដដែល
។

No comments:
Write comments