រឿង ពន្ធនាគារ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមន្ទីរឃុំឃាំង ក្នុងក្រុងសាវត្ថី ដែលគេធ្វើហើយ យ៉ាងរឹងប៉ឹងមាំមួនល្អ ព្រមទាំងពន្ធនាការ សម្រាប់ដាក់ឣ្នកទោស ក៏មាំទាំដូចគ្នាដែរ ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ចំណងដែលមាំមួន រឹងប៉ឹងជាងនេះ តើមានដែរឬទេ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ចំណងទាំងនេះ មិនសំខាន់ទេ ចំណង ពោលគឺតណ្ហា កម្រនឹងបុគ្គលណាមួយស្រាយបានណាស់” ដូច្នេះហើយ ទ្រង់នាំឣតីតនិទានមកសម្តែង ថា “សម័យថ្ងៃមួយ ព្រះពោធិសត្វ ប្រាថ្នាចង់បួស ហើយបានសុំភរិយាទៅបួស ។ ភរិយាបាន សុំឣង្វរករ ថា “ចាំដល់ឣូន សម្រាលកូនសិន សូមបងទៅបួសចុះ” ។ លុះសម្រាលកូនរួចហើយ, ភរិយា ក៏បានសុំឣង្វរករស្វាមីទៀតថា “ចាំឲ្យកូនដាច់ទឹកដោះសិនណា៎ បងសំឡាញ់ចិត្ត” ។ ពេលដែលកូនដាច់ទឹដោះហើយ, ភរិយា ក៏មានផ្ទៃពោះមួយទៀត ។ ព្រះពោធិសត្វ បានឃើញ ភរិយាមានផ្ទៃពោះហើយ មិនសប្បាយចិត្តសោះ បានលួចរត់ទៅ បួសជាតាបសឥសី រហូតបានសម្រេចឈានសមាបត្តិ នៅជាសុខសប្បាយ ក្នុងហិមវន្តប្រទេស” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន តំ ទឡ្ហំ ពន្ធនមាហុ ធីរា
យទាយសំ ទារុជំ បព្វជញ្ច ។
សារត្តរត្តា មណិកុណ្ឌលេសុ
បុត្តេសុ ទារេសុ ច យា ឣបេក្ខា
ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរា
ឱហារិនំ សិថិលទុប្បមុញ្ចំ
ឯតំបិ ឆេត្វាន បរិព្វជន្តិ
ឣនបេក្ខិនោ កាមសុខំ បហាយ ។
ចំណងណា ដែលកើតឣំពីដែក ក្តី កើតឣំពីឈើ ក្តី កើតឣំពីស្មៅយាប្លង ក្តី ឣ្នកប្រាជ្ញ មិនហៅចំណងនោះថា ជាចំណងមាំមួនឡើយ ។
សេចក្តីត្រេកឣរ ក្រៃពេក ក្នុងកែវមណី និង កុណ្ឌលទាំង ឡាយ ក្តី សេចក្តីឣាឡោះឣាល័យ ក្នុងកូន និង ប្រពន្ធទាំងឡាយ ក្តី ឣ្នកប្រាជ្ញទាំងឡាយ ហៅសេចក្តីត្រេកឣរ ក្រៃពេក និង សេចក្តី ឣាឡោះឣាល័យនោះថា ជាចំណងដ៏មាំមួន ជាចំណងនាំចុះ (ទាញសត្វទម្លាក់ទៅ ក្នុងឣបាយ) ជាចំណងធូរទេ ប៉ុន្តែ សត្វ ស្រាយបានដោយលំបាក ឣ្នកប្រាជ្ញទាំងឡាយ កាត់ផ្តាច់ចំណងនោះចេញ ជាឣ្នកមិនមានសេចក្តីឣាឡោះឣាល័យ លះបង់នូវកាមសុខ ហើយចេញទៅបួស ។

No comments:
Write comments