រឿង ព្រះនាងខេមា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនាងខេមា ជាព្រះឣគ្គមហេសី នៃព្រះបាទពិម្ពិសារ ។ ព្រះនាងជាស្រីដែលមានរូបឆោមនោះស្អាត ព្រះនាងបានដឹងថា “ព្រះសាស្តា ទ្រង់សម្តែងឣំពីទោស នៃរូបរាងកាយ” នាងខ្លាចក្រែងព្រះឣង្គ ទ្រង់ត្រាស់បង្អាប់រូប របស់ខ្លួន ហើយមិនប្រាថ្នាចង់ទៅស្តាប់ព្រះធម៌ទេសនាឡើយ ។ ថ្ងៃមួយ ព្រះនាង ទ្រង់ព្រះសណ្តាប់នូវចំរៀង ដែលច្រៀងរៀបរាប់ឣំពីវត្តវេឡុវ័ន ដែលព្រះស្វាមីទ្រង់បាននិពន្ធ ឲ្យឣ្នកចំរៀងច្រៀង ទើបបានទៅគាល់ព្រះសាស្តា ។ ក្នុងគ្រានោះ ព្រះនាងបានឃើញស្រីម្នាក់មានវ័យក្មេង មានរូបរាងស្អាត កំពុងឣង្គុយ បក់ផ្លិត ថ្វាយព្រះសាស្តា ដែលជារូបសម្រេចដោយពុទ្ធនិមិត្ត ហើយទ្រង់គង់សំឡឹង ចាំមើលតែរូបស្រីមួយនោះប៉ុណ្ណោះ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បាននិមិត្តរូបស្រី មួយនោះ ឲ្យមានការប្រែប្រួល ចាស់ជរាទៅ បន្តិចម្តងៗ ជាលំដាប់ រហូតដល់រូបនោះ នៅសល់ត្រឹមតែគ្រោងឆ្អឹង ធ្វើឲ្យព្រះនាងមានសេចក្តីសង្វេគតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង ឃើញច្បាស់ នូវការកើតរលត់ នៃនាមរូប ហើយបានសម្រេចសោតាបត្តិផល ក្នុងពេលនោះឯង ក្រោយមក ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
យេ រាគរត្តានុបន្តិ សោតំ
សយំ កតំ មក្កដកោវ ជាលំ ។
ឯតម្បិ ឆេត្វាន វជន្តិ ធីរា
ឣនបេក្ខិនោ សព្វទុក្ខំ បហាយ ។
ជនទាំងឡាយណា ជាឣ្នកត្រេកឣរហើយដោយរាគៈ ជនទាំង ឡាយនោះ
តែងធ្លាក់ចុះទៅកាន់ខ្សែនៃតណ្ហា ដូចពីងពាង ទម្លាក់ខ្លួនចុះកាន់សំណាញ់
ដែលបានធ្វើហើយ ដោយខ្លួនឯង ឣ្នកប្រាជ្ញទាំង ឡាយ តែងកាត់ខ្សែ នៃតណ្ហានោះ
ជាឣ្នកមិនមានសេចក្តីឣាឡោះ ឣាល័យ លះបង់នូវសេចក្តីទុក្ខទាំងពួងចេញទៅ ។

No comments:
Write comments