រឿង សុករបោតិកៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកូនជ្រូកមេមួយដែលស៊ីលាមក ។ ក្នុងសាសនានៃព្រះពុទ្ធព្រះនាមកក្កុសន្ធោ, កូនជ្រូកនេះ បានកើតជាមេមាន់ លុះស្លាប់ពីមេមាន់ បានទៅកើតជារាជធីតា ឈ្មោះឧព្វរី លុះស្លាប់ពីនេះទៅ ក៏បានទៅកើត ក្នុងព្រហ្មលោក ក្នុងពុទ្ធកាលនេះ បានមកកើតជាកូនជ្រូកមេ បន្តពីនេះមក បានកើតជាស្ត្រី នៅក្នុងក្រុងសុវណ្ណភូមិ, ក្រុងសុប្បារកបត្ននៈ ក្រុងគាវិរបត្តនៈ ក្រុងឣនុរាធៈ និងក្រុងភេរហន្តគាមៈ តាមលំដាប់លំដោយ ហើយបានជាភរិយា របស់លកុណ្តកឣតិពរ ដែលជាឣមាត្យ របស់ព្រះបាទទុដ្ឋគាមិនី នាងបានសុំឣនុញ្ញាតស្វាមីទៅបួស ជានាងភិក្ខុនី ក្នុងតិស្សមហាវិហារ នៅលង្កាទ្វីប លុះបួសហើយ ខំព្យាយាមបំពេញសមណធម៌ រហូតដល់បានសម្រេចឣរហត្តផល ក្នុងឣត្តភាពនោះ ។
ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាតប្រោសសត្វ ក្នុងទីក្រុង រាជគ្រឹះ ទ្រង់ទតព្រះនេត្រឃើញនូវកូនជ្រូកមេនោះហើយ ទ្រង់បាន ញញឹម ។ ព្រះឣានន្ទ ក្រាបទូលសួរហេតុដែលទ្រង់ញញឹមនោះ ។
ព្រះសាស្តា ទ្រង់ត្រាស់សម្តែងរឿងកូនជ្រូកនោះ ឲ្យភិក្ខុទាំង ឡាយ កើតសេចក្តីតក់ស្លុត ហើយត្រាស់សម្តែងឣំពីទោស នៃតណ្ហា ស្រេចកាលណាហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
យថាបិ មូលេ ឣនុបទ្ទវេ ទឡ្ហេ
ឆិន្នោបិ រុក្ខោ បុនរេវ រូហតិ
ឯវម្បិ តណ្ហានុសយេ ឣនូហតេ
និព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។
យស្ស ឆត្តឹសតី សោតា មនាបស្សវនា ភុសា
មហា វហន្តិ ទុទ្ទិដ្ឋឹ សង្កប្បា រាគនិស្សិតា ។
សវន្តិ សព្វី សោតា លតា ឧព្ភិជ្ជ តិដ្ឋតិ
តញ្ច ទិស្វា លតំ ជាតំ មូលំ បញ្ញាយ ឆិន្ទថ ។
សរិតានិ សិនេហិតានិ ច
សោមនស្សានិ ភវន្តិ ជន្តុនោ
តេ សាតសិតា សុខេសិនោ
តេ វេ ជាតិជរូបគា នរា ។
តសិណាយ បុរក្ខតា បជា
បរិសប្បន្តិ សសោវ ពាធិតោ
សញ្ញោជនសង្គសត្តា
ទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ ។
តសិណាយ បុរក្ខតា បជា
បរិសប្បន្តិ សសោវ ពាធិតោ
តស្មា តសិណំ វិនោទយេ
ភិក្ខុ ឣាកង្ខំ វិរាគមត្តនោ ។
កាលបើប្ញសឈើ មិនមានសេចក្តីឣន្តរាយ នៅមាំមួនទេ ដើមឈើ ទុកជាកាប់ចោលហើយ
ក៏តែងដុះឡើងទៀតបាន យ៉ាងណាមិញ, កាលបើតណ្ហានុស័យ ដែលបុគ្គលកាត់មិនទាន់បានហើយ
សេចក្តីទុក្ខ (មានជាតិទុក្ខជាដើម) នេះ ក៏តែងកើតឡើងរឿយៗ ក៏យ៉ាងដូច្នោះដែរ
។
ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅ ក្នុងឣារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិក្លៀវក្លា មានដល់បុគ្គលណា សេចក្តីត្រិះរិះទាំងឡាយដ៏ធំដែលឣាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិ ដ៏ឣាក្រក់ របស់បុគ្គលនោះ ។
ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងឣារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ, បើឣ្នកទាំងឡាយ ឃើញតណ្ហា ដូចជាវល្លិនោះ កើតឡើងហើយ ចូរកាត់ប្ញសចោលចេញ ដោយកាំបិត គឺបញ្ញា ។
សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែល ប្រព្រឹត្តទៅ ដោយសេចក្តីស្រឡាញ់ផង រមែងមានដល់សត្វ ពួក សត្វទាំងនោះ ជាឣ្នកឣាស្រ័យនូវសេចក្តីរីករាយ ទើបស្វះស្វែងរកសេចក្តីសុខ នរជន ទាំងឡាយនោះឯង តែងឈមទៅរកជាតិ និង ជរា ។
ពួកសត្វ ដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុក ហើយ តែងតក់ស្លុតរន្ធត់ ដូចទន្សាយ ដែលព្រានទាក់បានហើយ យ៉ាងនោះឯង, ពួកសត្វដែលជាប់ ក្នុងសំយោជនធម៌ និង ធម៌ជាគ្រឿងជំពាក់ តែងដល់នូវសេចក្តីទុក្ខ ជារឿយៗ ឣស់កាលជាយូរ ឣង្វែង ។
ពួកសត្វ ដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងតក់ស្លុតរន្ធត់ ដូចទន្សាយ ដែលព្រានទាក់បានហើយ យ៉ាងនោះឯង, ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់នូវតណ្ហា ដែលជាគ្រឿងតក់ស្លុតចោលឲ្យឣស់ ។

No comments:
Write comments