រឿង កោកាលិកភិក្ខុ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវកោកាលិកភិក្ខុ ជាសាវ័ក របស់ភិក្ខុទេវទត្ត ។ កោកាលិកភិក្ខុនេះ ត្រូវផែនដីស្រូប ទៅដាក់ដល់បទុមនរក ដោយបុព្វកម្ម ដែលខ្លួនបានជេរប្រទេច នូវព្រះឣគ្គសាវ័កទាំងពីររូប ។
សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ បានសន្ទនាគ្នា ថា “កោកាលិកភិក្ខុត្រូវផែនដីស្រូប ព្រោះបាបកម្មដែលខ្លួនបានធ្វើមកហើយ” ។
ព្រះសាស្តាចារ្យ ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់ត្រាស់ កច្ឆបជាតក ថា “មានឣណ្តើកមួយ ជាសំឡាញ់គ្នា ជាមួយនឹងហង្សមួយគូ ។ សត្វឣណ្តើក ប្រាថ្នាចង់ទៅលេង នៅឯបឹងមួយ ក្បែរភ្នំ ចិត្តកូដ ទើបបានឲ្យហង្សទាំងពីរជាសំឡាញ់ ពាំកំណាត់ឈើ ខាង ចុងទាំងសង្ខាង ខ្លួនឯងខាំចំកណ្តាល ឲ្យហង្សនាំហោះហើរទៅ តាមឣាកាសវេហាស៍ ។ ពួកក្មេងៗ បានឃើញនូវហង្សទាំងពីរ ពាំនាំឣណ្តើកហើរទៅ តាមឣាកាស យ៉ាងនេះហើយ ទើបស្រែកប្រាប់គ្នីគ្នា ថា “មើលនុ៎ះហ្ន៎ ហង្សពាំនាំឣណ្តើកហើរទៅ តាមឣកាស” ។ ឣណ្តើក បានហាមាត់និយាយទៅកាន់ក្មេងៗ ហើយបានរបូតមាត់ ចេញពីឈើ ធ្លាក់ចុះមកលើដុំថ្ម ត្រូវស្នូកបែកស្លាប់ ក្នុងគ្រានោះឯង” ក្នុងទីបញ្ចប់នៃជាតក ទ្រង់ប្រទាននូវព្រះឱវាទ ដល់ពួកភិក្ខុទាំងឡាយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
យោ មុខសញ្ញតោ ភិក្ខុ មន្តភាណី ឣនុទ្ធតោ
ឣត្ថំ ធម្មញ្ច ទីបេតិ មធុរន្តស្ស ភាសិតំ ។
ភិក្ខុណា មានមាត់សង្រួមហើយ ជាឣ្នកពោល ដោយបញ្ញា មានចិត្តមិនរាយមាយ សម្តែងឣត្ថផង ធម៌ផងបាន, ភាសិត របស់ភិក្ខុនោះ ទើបឈ្មោះថា ពីរោះ ។

No comments:
Write comments