រឿង ភិក្ខុសម្លាប់ហង្ស
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកពូកែ ក្នុងរឿងផ្ទាត់ដុំក្រួស ។ ថ្ងៃមួយ ភិក្ខុនោះ កំពុងឣង្គុយសន្ទនា ជាមួយនឹងភិក្ខុទាំងឡាយ បានឃើញហង្សហើរមក ទើបប្រាប់ភិក្ខុផងគ្នាថា “ខ្ញុំ នឹងផ្ទាត់ដុំក្រួស ឲ្យត្រូវភ្នែកហង្សខាងនេះ ហើយឲ្យធ្លុះទៅខាងនុ៎ះ” ។ ភិក្ខុទាំងឡាយ ជាសំឡាញ់ មិនជឿ ។ ភិក្ខុរូបនោះ បានផ្ទាត់ដុំក្រួស តម្រង់ទៅរកភ្នែកហង្សហើយ ត្រូវចំភ្នែកតែម្តង ។ ហង្សបានធ្លាក់ចុះមកស្លាប់ មួយរំពេចនោះឯង ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់តិះដៀល ដោយប្រការផ្សេងៗ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ហត្ថសញ្ញតោ បាទសញ្ញតោ
វាចាសញ្ញតោ សញ្ញតត្តមោ
ឣជ្ឈត្តរតោ សមាហិតោ
ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។
បុគ្គលណាមានដៃសង្រួមហើយ មានជើងសង្រួមហើយ មានវាចាសង្រួមហើយ
មានខ្លួនសង្រួមហើយ ជាឣ្នកត្រេកឣរហើយ ក្នុងការចម្រើនកម្មដ្ឋាន
ដែលមានក្នុងខ្លួន ជាឣ្នកមានចិត្តតម្កល់មាំ ជាឣ្នក នៅឯកឯង ជាឣ្នកសន្តោស
បណ្ឌិតទាំងឡាយ ហៅបុគ្គលនោះ ថា ភិក្ខុ ។

No comments:
Write comments