រឿង ព្រះលកុណ្តកភទ្ទិយៈ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ។ សម័យមួយនោះ មានភិក្ខុ ៣០ រូប បានមកគាល់ព្រះសាស្តា ហើយឃើញព្រះថេរៈ និមន្តចេញទៅខាងក្រៅ ។ កាលបើភិក្ខុទាំងនោះ គង់បានស្រួលបួលហើយ, ព្រះសាស្តាទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំង ឡាយ ក្នុងពេលដែលឣ្នកទាំងឣស់គ្នា ចូលមកគាល់តថាគតនេះ តើបានឃើញព្រះថេរៈ មួយរូបដែរឬទេ?” ។ ភិក្ខុទាំងនោះក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ មិនបានឃើញព្រះថេរៈទេ ឃើញតែសាមណេរ តូចមួយឣង្គប៉ុណ្ណោះ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នេះហើយ គឺព្រះថេរៈ” ។ ភិក្ខុទាំងនោះ ក្រាបទូល សួរថា “ចុះព្រះថេរៈឣី ក៏តូចម៉្លេះ?” ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន តេន ថេរោ ហោតិ យេនស្ស បលិតំ សិរោ
បរិបក្កោ វយោ តស្ស មោឃជិណ្ណោតិ វុច្ចតិ
យម្ហិ សច្ចញ្ច ធម្មោ ច ឣហឹសា សញ្ញមោ ទមោ
ស វេ វន្តមលោ ធីរោ សោ ថេរោតិ បវុច្ចតិ ។
បុគ្គល មានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា ជាថេរៈ ដោយហេតុនោះ
មិនទាន់បានទេ វ័យរបស់បុគ្គលនោះ ចាស់ជ្រុលហើយ តថាគត ឲ្យឈ្មោះថា
ចាស់មោឃៈ(ចាស់ទទេ) ។ លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង
ការ ទូន្មានខ្លួនផង មាន ក្នុងបុគ្គលណា បុគ្គលនោះឯង
ជាឣ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាឣ្នកមានប្រាជ្ញា ទើបបានឈ្មោះថា ថេរៈ ។

No comments:
Write comments