រឿង សទ្ធិវិហារិកព្រះសារីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសទ្ធិវិហារិក របស់ព្រះធម្មសេនាបតីសារីបុត្រ ដែលជាកូនជាងមាសម្នាក់ ។ ព្រះសារីបុត្រ បានបង្រៀនឲ្យចម្រើនឣសុភកម្មដ្ឋាន ។ ភិក្ខុរូបនោះ ខិតខំព្យាយាម ចម្រើន ឣស់រយៈពេល ៤ ខែ តែមិនបានសម្រេចមគ្គផលអ្វីឡើយ ។ ព្រះសារីបុត្រ បាននាំទៅគាល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់បានប្រទានផ្កាឈូកដល់ភិក្ខុរូបនោះ ឲ្យយកទៅធ្វើបរិកម្ម ជាលោហិតកសិណ ។ ភិក្ខុនោះ បានទទួលយកផ្កាឈូកនោះ ទៅធ្វើជាបរិកម្ម លុះឃើញនូវផ្កាឈូកស្វិតស្រពោនហើយ ក៏បានកំណត់យកមកប្រៀបធៀប នឹងរាងកាយរបស់ខ្លួន ហើយពិចារណាឃើញត្រៃលក្ខណ៍ ថា “ជារបស់មិនទៀង ជាទុក្ខ ជាឣនត្តា” ។
ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់គង់នៅក្នុងទីចំពោះមុខ នៃភិក្ខុនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ឧច្ឆិន្ទ សិនេហមត្តនោ
កុមុទំ សារទិកំវ បាណិនា
សន្តិមគ្គមេវ ព្រូហយ
និព្វានំ សុគតេន ទេសិតំ ។
ឣ្នកចូរដកសេចក្តីស្រឡាញ់ របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាឈូក ដែលកើត
ក្នុងសរទកាល ដោយដៃ ឣ្នកចូរបណ្តុះ នូវផ្លូវសន្តិភាព តែម៉្យាង
ព្រោះព្រះនិព្វាន ព្រះសុគតទ្រង់ត្រាស់សម្តែងទុកហើយ ។

No comments:
Write comments