រឿង ភិក្ខុវជ្ជីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុវជ្ជីបុត្រ ជាព្រះរាជឱរស របស់ក្សត្រវជ្ជី ដែលបានលះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស នៅឣាស្រ័យ ក្នុងព្រៃស្ងាត់ ក្បែរក្រុងវេសាលី ។ សម័យថ្ងៃមួយ ភិក្ខុវជ្ជី បានឮសូរសំឡេងតូរ្យតន្ត្រី យ៉ាងគគ្រឹកគគ្រែង ដែលគេបន្លែងឡើង ក្នុងទីក្រុង ក៏មានចិត្តតក់ស្លុតរន្ធត់ ពន់ប្រមាណ នឹកគិតដល់ខ្លួនឯង ថា “ឣាត្មាឣញ ជាមនុស្សឣភ័ព្វ ឣនាថា មករស់នៅ ក្នុងព្រៃស្ថានស្ងាត់ តែម្នាក់ឯង ឥតមានគ្នីគ្នា ប្រៀបដូចជាកំណាត់ឈើ ដែលគេបោះបង់ចោល” ហើយ មានសេចក្តីខ្វល់ខ្វាយឣន្ទះឣន្ទែង ប្រាថ្នាចង់លាចាកសិក្ខាបទ ទើបបានចូលទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនេះ ថ្វាយដល់ព្រះឣង្គ ។
ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
ទុប្បព្វជ្ជំ ទុរភិរមំ ទុរាវាសា ឃរា ទុក្ខា
ទុក្ខោ សមានសំវាសោ ទុក្ខានុបតិតទ្ធគូ
តស្មា ន ចទ្ធគូ សិយា ន ច ទុក្ខានុបតិតោ សិយា ។
ការចេញបួស បានដោយកម្រ ការត្រេកឣរត្រូវ បានដោយកម្រ ផ្ទះទាំងឡាយមានការគ្រប់គ្រងមិនល្អ នាំឲ្យកើតទុក្ខ ការនៅ រួមជាមួយជនស្មើគ្នា (ដែលមិនមានសេចក្តីកោតក្រែង) នាំឲ្យកើតទុក្ខ បុគ្គលឣ្នកដើរផ្លូវឆ្ងាយគឺវដ្តៈ តែងត្រូវសេចក្តីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គល មិនគប្បីជាឣ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាឣ្នកត្រូវសេចក្តីទុក្ខ ធ្លាក់ជាប់តាមផង ។

No comments:
Write comments