រឿង នាយទារុសាកដិកៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវកូននាយទារុសាកដិកៈ ។ ទាំងកូនទាំងឪពុក ជាឣ្នកជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ។ សម័យថ្ងៃមួយ កូនរបស់គាត់ បានទៅលេងកូនគ្លី ជាមួយនឹងកូនរបស់ជនដទៃ ដែលជាឣ្នកមិច្ឆាទិដ្ឋិ ។ ពេលលេងកូនគ្លី កូនឣ្នកសម្មាទិដ្ឋិ បានរំឮកព្រះពុទ្ធគុណ មានបទថា “ឥតិបិ សោ ភគវា” ប៉ុណ្ណេះជាដើម ហើយបានលេងឈ្នះកូនឣ្នកមិច្ឆាទិដ្ឋិ គ្រប់ពេលវេលា ។
ថ្ងៃមួយនោះ ឪពុករបស់ក្មេងនោះ បាននាំគេទៅរកឧស ក្នុងព្រៃ ហើយបានដាក់រទេះ នៅក្បែរព្រៃខ្មោច ហើយលែងគោ ឲ្យដើរទៅរកស៊ី តាមចំណូលចិត្តរបស់វា ។ លុះដល់ល្ងាច គោទាំងពីរ ក៏បានដោយទៅ តាមហ្វូងចូលទៅ ក្នុងស្រុក ។ ពេលព្រលប់ ទើបនាយទារុសាកដិកៈ ទៅ តាមរកគោទាំងពីរនោះឃើញ ។ ក្នុងពេលជាមួយគ្នានោះ ឣ្នកនៅយាមទ្វារ បានបិទទ្វារចេញចូលទាំងឣស់ ។ នាយទារុសាកដិកៈ កុនដំណើរ មិនឣាចចេញទៅរកកូនបានឡើយ ។
ចំណែកឯ កូនរបស់គាត់ បាននៅចាំរទេះតែម្នាក់ឯង វេលាយប់ជ្រៅបន្តិចហើយ ក្មេងនោះ បានសូត្ររំឮកព្រះពុទ្ធគុណ ។ ពួកឣមនុស្ស ក្នុងព្រៃនោះ បាននាំគ្នាមកជួយថែរក្សា ការពារ មិនឲ្យមានឣន្តរាយ កើតមាន ដល់ក្មេងនោះ ។ ក្រោយមក ព្រះរាជាក្រុងមគធៈ ទ្រង់ជ្រាបហើយ ទើបនាំយកក្មេងនោះ ទៅគាល់ព្រះសាស្តា ទ្រង់ត្រាស់សរសើរពុទ្ធានុស្សតិ និង ទ្រង់ត្រាស់សួរព្រះឣង្គថា “តើមានធម៌ដទៃទៀតទេ ដែលមាន ឣានុភាព ដូចជាពុទ្ធានុស្សតិនេះ?” ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ពុទ្ធគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ធម្មគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ សង្ឃគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ កាយគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ឣហឹសាយ រតោ មនោ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ភាវនាយ រតោ មនោ ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងព្រះពុទ្ធគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅក្នុងព្រះធម្មគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងព្រះសង្ឃគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងកាយ ឣស់ កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
ចិត្ត របស់ជនទាំងឡាយណា ត្រេកឣរហើយ ក្នុងកិរិយាមិនបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនទាំងនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮក ៗ ដោយប្រពៃ សព្វកាល ។
ចិត្ត របស់ជនទាំងឡាយណា ត្រេកឣរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។

No comments:
Write comments