រឿង ចិត្តគហបតី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចិត្តគហបតី ។ ថ្ងៃមួយ គាត់មានបំណងចង់ទៅគាល់ព្រះសាស្តា ក្នុងក្រុងសាវត្ថី ហើយបានចេញអំពីស្រុក ព្រមជាមួយបរិវារ ជាច្រើន លុះទៅដល់ពាក់កណ្តាលផ្លូវ មានពួកទេវតា មកជប់លៀង ដោយភោជនាហារ គ្រប់ៗ គ្នា ។
ពេលដែលចិត្តគហបតី ចូលទៅគាល់ព្រះសាស្តា ក្តី ពេល ត្រឡប់ទៅវិញ ក្តី ពួកទេវតា បានបណ្តាល ឲ្យមានភ្លៀងរតនៈ ៧ ប្រការ ធ្លាក់ចុះមក ពេញរទេះរបស់គាត់ទាំងឣស់ ។
ក្នុងពេលដែលចិត្តគហបតីត្រឡប់ទៅវិញ, ព្រះឣានន្ទ បានចូលទៅ ក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន តើលាភសក្ការៈ កើតឡើង ដល់ចិត្តគហបតីនោះ ព្រោះហេតុដែលបានមកគាល់ព្រះឣង្គតែប៉ុណ្ណោះទេ ឬក៏គាត់ទៅទីដទៃទៀត លាភសក្ការៈ កើតឡើង ដូចគ្នាដែរ?” ។
ព្រះសាស្តា ទ្រង់បានត្រាស់ថា “ម្នាលឣានន្ទ ទោះបីជាចិត្តគហបតី ទៅទីណាក៏ដោយ ក៏លាភសក្ការៈ កើតឡើងបានដូចគ្នាដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សទ្ធោ សីលេន សម្បន្នោ យសោភោគោសមប្បិតោ
យំ យំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ ។
បុគ្គលឣ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ ដោយយស និង ភោគសម្បត្តិ គប់រកប្រទេសណាៗ មានគេបូជា ក្នុងប្រទេសនោះៗ ។

No comments:
Write comments