រឿង ចូឡធនុគ្គហបណ្ឌិត
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុកំលោះមួយរូប ដែលប្រាថ្នាចង់លាចាកសិក្ខាបទ មានរាងកាយស្គាំងស្គម ព្រោះតែសេចក្តីស្រឡាញ់ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ក៏បាននាំយកភិក្ខុរូបនោះ ទៅគាល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់នាំឣតីតនិទាន មកសម្តែង ថា “ម្នាលភិក្ខុទាំងឡាយ ក្នុងបុព្វជាតិ ភិក្ខុរូបនេះ បានកើតជាចូឡធនុគ្គហបណ្ឌិត បានទៅសិក្សាសិល្បសាស្ត្រ ក្នុងសំណាក់ឣាចារ្យទិសាបាមោក្ខ ក្នុងក្រុងតក្កសីលា លុះសិក្សាចប់ហើយ ក៏សុំលាលោកគ្រូ ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។ ឣាចារ្យទិសាបាមោក្ខ មានចិត្តត្រេកឣរខ្លាំងណាស់ ហើយបានលើកកូនក្រមុំ ឲ្យចូឡធនុគ្គហបណ្ឌិត ធ្វើជាភរិយា ។ លុះរៀបមង្គលការរួចស្រេចហើយ, នាយចូឡធនុគ្គហបណ្ឌិត បាននាំភរិយា ជាទីស្រឡាញ់ ធ្វើដំណើរទៅក្រុងពារាណសី លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែចួបប្រទះនឹងពួកចោរ ៥០ នាក់ នៅក្បែរមាត់ព្រៃ បានបាញ់សម្លាប់ចោរ ឣស់ ៤៩ នាក់ ដោយកូនសរ ៤៩ ហើយបានទាញធ្នូ បាញ់ចោរម្នាក់ទៀត តែបាញ់ខុស ធ្វើឲ្យឣស់កូនសរល្មម ហើយបានស្ទុះទៅ ចាប់ចោរនោះផ្តួលចុះ ស្រែកហៅភរិយា ឲ្យយកដាវមក ដើម្បីសម្លាប់ចោរនោះ ។ ចំណែកភរិយា បានក្បត់ចិត្តស្វាមី មានចិត្តស្រឡាញ់ចោរ ទើបបានហុចដាវទៅឲ្យចោរភ្លាម ។ ចោរ បានដាវហើយ ក៏សម្លាប់នូវនាយ ចូឡធនុគ្គហបណ្ឌិតស្លាប់ មួយរំពេចនោះឯង ស្រេចហើយ ក៏បាននាំនាងទៅមាត់ទឹក បានដោះនូវគ្រឿងឣលង្ការ សំលៀកបំពាក់ ដែលមានតម្លៃ របស់នាង ឣស់រលីងគ្មានសល់ ទុកឲ្យនាងនៅឯកាឣនាថា តែម្នាក់ឯង ឥតទីពឹង ក្នុងព្រៃស្ងាត់ ហើយឆ្លងស្ទឹងទៅត្រើយម្ខាង ។ នាងនោះ បានមកកើតជាស្រី ដែលភិក្ខុកំលោះនេះស្រឡាញ់ ក្នុងពេលឥឡូវនេះឯង” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់ទូន្មាន ឲ្យភិក្ខុរូបនោះ កាត់ផ្តាច់នូវរាគតណ្ហា ដែលកើតឡើង ព្រោះស្រីនោះ ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
វិតក្កមថិតស្ស ជន្តុនោ
តិព្វរាគស្ស សុភានុបស្សិនោ
ភិយ្យោ តណ្ហា បវឌ្ឍតិ
ឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ ។
វិតក្កូបសមេ ច យោ រតោ
ឣសុភំ ភាវយតី សទា សតោ
ឯស ខោ វ្យន្តិកាហតិ
ឯសច្ឆិន្ទតិ មារពន្ធនំ ។
តណ្ហា រមែងចម្រើនក្រៃលែង ដល់បុគ្គលដែលវិតក្កៈ ញ៉ាំញីហើយ
មានតម្រេកក្លៀវក្លា យល់ឃើញឣារម្មណ៍ថាល្អ បុគ្គលនោះឯង
ឈ្មោះថាធ្វើចំណងឲ្យមាំមួន ។ លុះតែបុគ្គលណា ត្រេកឣរ ក្នុងឣសុភជ្ឈាន
ដែលជាហេតុឲ្យស្ងប់រម្ងាប់វិតក្កៈ មានស្មារតី សព្វកាល តែងចម្រើនឣសុភជ្ឈាន
បុគ្គលនោះឯង នឹងធ្វើតណ្ហា ឲ្យឣស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា
កាត់ចំណងមារបាន ។

No comments:
Write comments