រឿង តយោបព្វជិត
ព្រះបរមសាស្តាទ្រង់ប្រារឰនូវបព្វជិត ៣ រូប ។ មានរឿងមក ថា ៖ ត្រកូលមួយ មានគ្នា ៣ នាក់ គឺ ម្តាយ កូន និង ឪពុក ។ កូនជាឣ្នកមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានសុំមាតាបិតាទៅបួស, តែមាតាបិតា មិនព្រមឣនុញ្ញាត ឲ្យកូនទៅបួសទេ ។ លុះបានឱកាសល្អហើយ កូននោះ ក៏បានលួចរត់ចេញទៅបួស ។ បិតា បានទៅតាមរកកូន លុះឃើញកូនបួសហើយ ពុំដឹងធ្វើដូចម្តេច ក៏បានទៅបួសជា មួយនឹងកូនព្រោះមានសេចក្តីស្រឡាញ់កូនខ្លាំងពេក ។ ចំណែកម្តាយ បានដឹងថា កូន និង ស្វាមី បានចេញទៅបួសហើយ ក៏ចូលទៅបួស ក្នុងសំណាក់នៃនាងភិក្ខុនីផងដែរ ។ លុះឣ្នកទាំង ៣ នាក់នោះ បួសហើយ ពុំបានធ្វើអ្វីទេ ឣង្គុយនិយាយគ្នាតែម៉្យាង ថែមទាំងមិនឣាចនៅបែកពីគ្នាបានឡើយ ។
ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុ ទៅហៅបព្វជិតទាំង ៣ រូបនោះ មកសួររឿងពិត ហើយទ្រង់ត្រាស់ នូវព្រះ គាថានេះ ថា ៖
ឣយោគេ យុញ្ជមត្តានំ យោគស្មិញ្ចិ ឣយោជយំ
ឣត្ថំ ហិត្វា បិយគ្គាហី បិហេតត្តានុយោគិនំ ។
មា បិយេហិ សមាគញ្ឆិ ឣប្បិយេហិ កុទាចនំ
បិយានំ ឣទស្សនំ ទុក្ខំ ឣប្បិយានញ្ច ទស្សនំ ។
តស្មា បិយំ ន កយិរាថ បិយាបាយោ ហិ បាបកោ
គន្ថា តេសំ ន វិជ្ជន្តិ យេសំ នត្ថិ បិយាបិយំ ។
បុគ្គល កាលប្រកបខ្លួនទុក ក្នុងឣំពើដែលមិនគួរប្រកប មិនប្រកបខ្លួន ក្នុងឣំពើដែលគួរប្រកប លះបង់ចោល នូវប្រយោជន៍ហើយកាន់យកនូវឣារម្មណ៍ ដែលជាទីស្រឡាញ់ពេញចិត្ត រមែងស្រឡាញ់បុគ្គលឣ្នកប្រកបតាមខ្លួន ។ បុគ្គល កុំគប់រកសត្វនិងសង្ខារ ទាំងឡាយ ដែលជាទីស្រឡាញ់ និង មិនជាទីស្រឡាញ់ ក្នុងកាលណាៗឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និង សង្ខារដែលជាទីស្រឡាញ់ក្តី ការចួបប្រសព្វសត្វ និង សង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនូវសេចក្តីទុក្ខ ។
ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និង សង្ខារ ឲ្យជាទីស្រឡាញ់ឡើយ ព្រោះការព្រាត់ប្រាសចាកសត្វ និង សង្ខារ ដែលជាទីស្រឡាញ់ ជាសភាពឣាក្រក់, ការស្រឡាញ់ និង ការស្អប់ មិនមាន ដល់បុគ្គលទាំងឡាយណា, កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ រមែងមិនមាន ដល់បុគ្គលទាំងឡាយនោះ ។

No comments:
Write comments