រឿង សក្កទេវរាជ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសក្កទេវរាជ ក្នុងគ្រាដែល ព្រះឣង្គទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ ហើយទ្រង់ព្រះប្រឈួន យ៉ាងធ្ងន់ ។
ក្នុងពេលនោះ សក្កទេវរាជស្តេចយាងមកធ្វើជាគិលានុបដ្ឋាក បម្រើព្រះសាស្តា ពេលលើកយកនូវភាជនៈសម្រាប់ដាក់ឧច្ចារៈនៃព្រះសាស្តា ទ្រង់ទូលលើសិរសា យកទៅចោល ឥតមានការខ្ពើមរឣើមបន្តិចឡើយសូម្បីតែព្រះភក្ត្រ ក៏មិនស្រពោនក្រៀមក្រំដែរ, លុះព្រះសាស្តា ទ្រង់ជាសះស្បើយហើយ, សក្កទេវរាជ ក៏បានត្រឡប់ទៅកាន់ទេវលោកវិញ ។ ភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរនូវសក្កទេវរាជ ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ការដែលសក្កទេវរាជ បានធ្វើយ៉ាងនេះ មិនមែនជាការ ឣស្ចារ្យទេ ព្រោះតថាគត មិនបានធ្វើឲ្យសក្កទេវរាជ សម្រេចសោតាបត្តិផល ផ្លាស់ឣត្តភាពចាស់ កាន់យកឣត្តភាពកំលោះ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សាធុ ទស្សនមរិយានំ សន្និវាសោ សទា សុខោ
ឣទស្សនេន ពាលានំ និច្ចមេវ សុខី សិយា ។
ពាលសង្គតចារី ហិ ទីឃមទ្ធាន សោចតិ
ទុក្ខោ ពោលហិ សំវាសោ ឣមិត្តេនេវ សព្វទា ។
ធីរោ ច សុខសំវាសោ ញាតីនំវ សមាគមោ តស្មា
ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច ធោរយ្ហសីលំ វតវន្តមរិយំ តំ តាទិសំ សប្បុរិសំ សុមេធំ
ភជេថ នក្ខត្តបថំវ ចន្ទិមា ។
ការបានឃើញ នូវព្រះឣរិយបុគ្គលទាំងឡាយ ជាការប្រពៃ, ការនៅរួមជាមួយព្រះឣរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្តីសុខ សព្វកាល, បុគ្គលគប្បីមានសេចក្តីសុខ ឣស់កាលជានិច្ចបាន ព្រោះមិនបានឃើញនូវបុគ្គលពាលទាំងឡាយ ។ បុគ្គលឣ្នកប្រព្រឹត្តសមគប់ ដោយបុគ្គលពាល រមែងសោកស្តាយឣស់កាលជាយូរឣង្វែង, ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខ សព្វកាល ដូចការនៅរួមជាមួយនឹងសត្រូវ យ៉ាងដូច្នោះឯង, ចំណែក ការនៅរួមជាមួយនឹងឣ្នកប្រាជ្ញ រមែងជាសុខ ដូចការជួបជុំនៃពួកញាតិទាំងឡាយ យ៉ាងនោះដែរ ព្រោះហេតុនោះហើយ បុគ្គលគួរសេពគប់នឹងសប្បុរសជាឣ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត និង ធុតង្គវត្តផង ជាឣ្នកឆ្ងាយចាកកិលេសផង មានប្រាជ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចជាព្រះចន្ទ គប់នូវផ្លូវនៃនក្ខត្តប្ញក្ស យ៉ាងនោះឯង ។
ចប់សុខវគ្គ ទី ១៥

No comments:
Write comments