khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង សម្ពហុលភិក្ខុ

Posted by   on Pinterest

រឿង សម្ពហុលភិក្ខុ


     ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប ។ ពេលដែលមិនទាន់បានបួស, ភិក្ខុទាំងនោះ ជាចោរ បានទៅលួចប្លន់ផ្ទះ របស់ឧបាសិកាម្នាក់ ។ មេចោរ បានលបទៅធ្វើការប្រទូសរ៉ាយឧបាសិកាម្នាក់ ដែលកំពុងតែឣង្គុយស្តាប់ធម៌ទេសនា ក្នុងព្រះវិហារ ។ ក្នុងពេលជាមួយគ្នានោះដែរ ស្រាប់តែមានមនុស្ស ទៅប្រាប់ឧបាសិកានោះ ថា “ឥឡូវនេះ ពួកចោរ បានប្លន់ផ្ទះហើយ បានយកនូវទ្រព្យសម្បត្តិ នេះខ្លះ នោះខ្លះ” ។
ឧបាសិកា បាននិយាយប្រាប់ថា “បើពួកចោរចង់បានរបស់អ្វី សូមឲ្យពួកគេយករបស់ទាំងនោះ តាមសេចក្តីប្រាថ្នាចុះ ខ្ញុំ នឹងស្តាប់ព្រះធម៌ទេសនាសិន” ដូច្នេះហើយ ក៏បាននិយាយទៅកាន់ឣ្នកដែលមកប្រាប់នោះ ឣស់វារៈ ៣ ដង ។
មេចោរ បានឮឧបាសិកាពោលដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា ហើយបានប្រញាប់ប្រញាល់ ទៅប្រាប់ដល់កូនចោរ របស់ខ្លួន ឲ្យនាំយកទ្រព្យសម្បត្តិ ដែលបានប្លន់មកនោះ ទៅទុកក្នុងផ្ទះឧបាសិកានោះ ឲ្យដូចដើមវិញ បាននាំគ្នាសុំទោសចំពោះឧបាសិកានោះ ស្រេចហើយ ក៏ចេញទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនាទាំងឣស់គ្នា លុះបួសហើយ ក៏បានទៅបំពេញសមណធម៌ លើកំពូលភ្នំដ៏ស្ងាត់មួយ ។
ព្រះសាស្តា ទ្រង់បានបញ្ចេញនូវព្រះរស្មី ទៅរកភិក្ខុទាំងនោះ បីដូចជាទ្រង់គង់ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
ឣធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
សិញ្ច ភិក្ខុ ឥមំ នាវំ សិត្តា តេ លហុមេស្សតិ
ឆេត្វា រាគញ្ច ទោសញ្ច តតោ និព្វានមេហិសិ ។
បញ្ច ឆិន្ទេ បញ្ច ជហេ បញ្ច ចុត្តរិ ភាវយេ
បញ្ចសង្គាតិគោ ភិក្ខុ ឱឃតិណ្ណោតិ វុច្ចតិ ។
ឈាយ ភិក្ខុ មា ច បមាទោ
មា តេ កាមគុណេ ភមស្សុ ចិត្តំ
មា លោហគុឡំ គិលី បមត្តោ
មា កន្ទិ ទុក្ខមិទន្តិ ទយ្ហមានោ ។
នត្ថិ ឈានំ ឣបញ្ញស្ស នត្ថិ បញ្ញា ឣឈាយិនោ
យម្ហិ ឈានញ្ច បញ្ញា ច ស វេ និព្វានសន្តិកេ ។
សុញ្ញាគារំ បវិដ្ឋស្ស សន្តចិត្តស្ស ភិក្ខុនោ
ឣមានុសី រតិ ហោតិ សម្មា ធម្មំ វិបស្សតោ ។
យតោ យតោ សម្មសតិ ខន្ធានំ ឧទយព្វយំ
លភតិ បីតិបាមោជ្ជំ ឣមតន្តំ វិជានតំ ។
តត្រាយមាទិ ភវតិ ឥធ បញ្ញស្ស ភិក្ខុនោ
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ បាដិមោក្ខេ ច សំវរោ
មិត្តេ ភជស្សុ កល្យាណេ សុទ្ធាជីវេ ឣតន្ទិតេ ។
បដិសន្ថារវុត្យស្ស ឣាចារកុសលោ សិយា
តតោ បាមោជ្ជបហុលោ ទុក្ខស្សន្តំ ករិស្សសិ ។
ភិក្ខុណានៅដោយឣំណាចមេត្តា ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាភិក្ខុនោះ រមែងបានបទដ៏ស្ងប់ (‘គឺព្រះនិព្វាន)’ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។
ម្នាលភិក្ខុ ឣ្នកចូរស្តារទូក គឺឣត្តភាពនេះ ទូក ដែលឣ្នកស្តារ ហើយ នឹងដល់ត្រើយយ៉ាងឆាប់ ឣ្នកកាត់រាគៈ និងទោសៈបានហើយ ឣំពីនោះ នឹងឣាចដល់នូវព្រះនិព្វាន ។
ភិក្ខុ គប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រីយ៍ ៥ តទៅទៀត ភិក្ខុឣ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ (‘រាគៈ ទោសៈ មោហៈ មានះ និងទិដ្ឋិ’ ) បានហើយ ទើបតថាគតហៅថា ឣ្នកឆ្លងឣន្លង់បាន ។
ម្នាលភិក្ខុ ចូរឣ្នកពិនិត្យផង ចូរកុំជាឣ្នកប្រមាទផង ចិត្ត របស់ឣ្នក ចូរកុំវិលទៅរកកាមគុណឡើយ ឣ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាឣ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះជាទុក្ខ ដូច្នេះឡើយ ។
ការពិនិត្យ មិនមាន ដល់បុគ្គលឣ្នកមិនមានប្រាជ្ញា ប្រាជ្ញា មិនមាន ដល់បុគ្គលឣ្នកមិនពិនិត្យ ការពិនិត្យ និង ប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅ ក្នុងទីជិតនៃព្រះនិព្វាន ។
សេចក្តីត្រេកឣរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុឣ្នកចូលទៅកាន់ផ្ទះស្ងាត់ ឣ្នកមានចិត្តរម្ងាប់ ឃើញនូវធម៌ ដោយប្រពៃ ។ ភិក្ខុ ពិចារណាការកើតឡើង និង ការវិនាស នៃខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ, បីតិ និង បាមោជ្ជៈនោះ ឈ្មោះថា ជាឣមតធម៌ របស់បណ្ឌិតឣ្នកដឹងធម៌ទាំងឡាយ ។
គុណធម៌ ៣ យ៉ាងនេះ គឺ ការរក្សាឥន្ទ្រីយ៍ ១ សេចក្តីសន្តោស ១ ការសង្រួម ក្នុងបាតិមោក្ខ ១ ជាខាងដើម នៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុឣ្នកមានបញ្ញា ក្នុងសាសនានេះ (‘ម្នាលភិក្ខុ’) ឣ្នកចូរសេពគប់នូវកល្យាណមិត្រ ឣ្នកមានព្យាយាមជាគ្រឿងរស់ ដោយបរិសុទ្ធ ជាឣ្នកមិនខ្ជិលច្រឣូស ។
ភិក្ខុ គប្បីជាឣ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាឣ្នកឈ្លៀវឆ្លាត ក្នុងឣាចារៈ ព្រោះហេតុទាំងពីរនោះ ឣ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ។

No comments:
Write comments

អត្ថបទទើបអានហើយ