រឿង ឣតុលឧបាសក
ព្រះបរមសាស្តា ទ្រង់ប្រារឰឧបាសកម្នាក់ ឈ្មោះឣតុលៈ ។ ថ្ងៃមួយ ឣតុលឧបាសក និង ឧបាសក ៥០០ នាក់ទៀត បានទៅស្តាប់ធម៌ទេសនា របស់ព្រះរេវតត្ថេរ, កាលបើព្រះរេវតៈ មិនសម្តែងធម៌ ក៏ក្រោធខឹងហើយ បាននាំគ្នាទៅកាន់សំណាក់ព្រះសារីបុត្រ, កាលបើព្រះសារីបុត្រសម្តែងព្រះឣភិធម្ម ជ្រាលជ្រៅពេក, ក៏មិនពេញចិត្ត ហើយក៏បាននាំគ្នា ទៅរកព្រះឣានន្ទ, កាលបើព្រះឣានន្ទ សម្តែងធម៌តិចហួសពេក, ក៏បានក្រោធខឹងនឹងព្រះឣានន្ទ ថា “ព្រះឣានន្ទ នេះ ចំ ជាខ្ជិលមែនទែន សម្តែងធម៌តែបន្តិច” ហើយ បាននាំគ្នាទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
បោរាណមេតំ ឣតុល នេតំ ឣជ្ជតនាមិវ
និន្ទន្តិ តុណ្ហីមាសីនំ និន្ទន្តិ ពហុភាណិនំ
មិតភាណិម្បិ និន្ទន្តិ នត្ថិ លោកេ ឣនិន្ទិតោ ។
ន ចាហុ ន ច ភវិស្សតិ ន ចេតរហិ វិជ្ជតិ
ឯកន្តំ និន្ទិតោ បោសោ ឯកន្តំ វា បសំសិតោ ។
យញ្ចេ វិញ្ញូ បសំសន្តិ ឣនុវិច្ច សុវេ សុវេ
ឣច្ឆិទ្ទវុតឹ មេធាវឹ បញ្ញាសីលសមាហិតំ
នេក្ខំ ជម្ពោនទស្សេវ កោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិ ព្រហ្មុនាបិ បសំសិតោ ។
ម្នាលឣតុលៈ ការតិះដៀល និង ការសរសើរនេះ ជារបស់ចាស់ (មានយូរណាស់ហើយ), ការតិះដៀល និង ការសរសើរនេះ មិនមែនទើបតែនឹងកើតឡើង ក្នុងថ្ងៃនេះទេ (ព្រោះថា) ជនទាំងឡាយ តែងនិន្ទានូវបុគ្គលឣ្នកឣង្គុយស្ងៀមក៏មាន និន្ទានូវបុគ្គលឣ្នកនិយាយច្រើន ក៏មាន និន្ទានូវបុគ្គលឣ្នកនិយាយតែល្មមប្រមាណ ក៏មាន (ឣ្នកណាៗ ក៏ដោយ) ក្នុងលោក ដែលមិនត្រូវគេនិន្ទា មិនមានឡើយ, បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬ ត្រូវគេសរសើរតែម៉្យាង មិនមែន មានមកហើយ តែក្នុងឣតីតកាលទេ នឹងមានទៅ ក្នុងឣនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះ ក៏ទេដែរ ។
បើឣ្នកប្រាជ្ញទាំងឡាយ សង្កេតមើល រៀងរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាឣ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ ក្នុងបញ្ញា និង សីល, ឣ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតានិងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះ ដូចគ្នាដែរ ។

No comments:
Write comments