រឿង ការហាមព្រះញាតិ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកព្រះញាតិវង្ស ដែលបានវិវាទ ឈ្លោះទាស់ទែងគ្នាឣំពីរឿងទឹកធ្វើស្រែ ។ ពួកឣ្នកបម្រើ របស់ពួកសាក្យៈ និង ពួកកោសិយៈ ធ្វើស្រែឣាស្រ័យទឹកស្ទឹងរោហិណីដែលនៅក្នុងចន្លោះ នៃក្រុងកបិលព័ស្តុ និង ក្រុងកោសិយៈ បានទប់ទំនប់ ដណ្តើមទឹកគ្នាធ្វើស្រែ ហើយបានឈ្លោះទាស់ទែងគ្នា រហូតដល់ជម្លោះនោះ រាលដាលទៅដល់ពួកចៅហ្វាយរៀងៗ ខ្លួន ។
ក្សត្រទាំងពីរនគរនោះ ក៏បាននាំគ្នា លើកកងទ័ពទៅ ដើម្បីធ្វើ សង្គ្រាមដណ្តើមទឹកធ្វើស្រែ ។ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញហើយ ទើបស្តេចយាងហោះទៅ តាមឣាកាស ទ្រង់គង់ធ្វើសមាធិ លើឣាកាស នៅចំពាក់ កណ្តាលស្ទឹងរោហិណីនោះ ។ ពួកព្រះញាតិវង្ស បានឃើញនូវព្រះសាស្តា គង់ធ្វើសមាធិ លើកឣាកាស យ៉ាងនេះហើយ ក៏បានទម្លាក់ឣាវុធចោលទាំងឣស់គ្នា ហើយក្រាបថ្វាយបង្គំព្រះឣង្គ ។
ព្រះសាស្តា ទ្រង់បានត្រាស់សួរថា “បពិត្រព្រះមហារាជទាំង ឡាយ ទឹក និង ពួកក្សត្រ តើណាមួយ មានតម្លៃច្រើនជាងគេ? ” ។
ពួកព្រះញាតិវង្ស បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទឹកមានតម្លៃតិចទេ ចំណែក ពួកក្សត្រ មានតម្លៃរកប្រមាណមិនបានឡើយ” ។
ព្រះសាស្តាទ្រង់ត្រាស់ថា “ឣ្នកទាំងឡាយ ឣាស្រ័យទឹកដែលមានប្រមាណតិចនេះ ហើយញ៉ាំងក្សត្រដែលមានតម្លៃច្រើនប្រមាណមិនបាន ឲ្យវិនាសសាបសូន្យ តើសមគួរដែរឬ?” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សុសុខំ វត ជីវាម វេរិនេសុ ឣវេរិនោ
វេរិនេសុ មនុស្សេសុ វិហរាម ឣវេរិនោ ។
សុសុខំ វត ជីវាម ឣាតុរេសុ ឣនាតុរា
ឣាតុរេសុ មនុស្សេសុ វិហរាម ឣនាតុរា ។
សុសុខំ វត ជីវាម ឧស្សុកេសុ ឣនុស្សុកា
ឧស្សុកេសុ មនុស្សេសុ វិហរាម ឣនុស្សុកា ។
យើង ជាឣ្នកមិនមានពៀរ រស់នៅជាសុខសប្បាយមែនពិត
ក្នុងពួកមនុស្សដែលមានព្រៀរ, កាលពួកមនុស្សមានពៀរ យើងជាឣ្នករស់នៅ មិនមានពៀរ ។
យើងជាឣ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយសារកិលេស) រស់នៅជាសុខសប្បាយមែនពិត
ក្នុងពួកមនុស្សដែលមានសេចក្តីក្តៅក្រហាយ, កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ
យើងរស់នៅ មិនមានសេចក្តីក្តៅក្រហាយ ។ យើង ជាឣ្នកមិនមានសេចក្តីខ្វល់ខ្វាយ
ក្នុងការស្វែងរក រស់នៅជាសុខសប្បាយមែនពិត
ក្នុងពួកមនុស្សដែលមានសេចក្តីខ្វល់ខ្វាយ, កាលពួកមនុស្ស មានសេចក្តីខ្វល់ខ្វាយ
យើងជាឣ្នករស់នៅ មិនមាន សេចក្តីខ្វល់ខ្វាយឡើយ ។

No comments:
Write comments