រឿង ឧគ្គសេន
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រ ឈ្មោះឧគ្គសេន ។ សេដ្ឋីបុត្រនេះ បានស្តាប់នូវព្រះធម៌ទេសនា ក្នុងពេលដែលខ្លួនកំពុង តែឈរនៅ លើឈើ បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ហើយចុះមក ក្រាបថ្វាយបង្គំព្រះសាស្តា ទូលសុំបព្វជ្ជាឧបសម្ប័ទ ។ ព្រះសុគត ទ្រង់បានប្រទានឯហិភិក្ខុឧបសម្បទា ដល់ឧគ្គសេន ក្នុងថ្ងៃនោះ ។
ក្នុងគ្រានោះ ភិក្ខុទាំងឡាយ បាននាំគ្នាសួរព្រះឧគ្គសេន ថា “ពេលដែលលោកម្ចាស់ បានចុះពីលើឈើល្បែង តើមានភ័យខ្លាចដែរឬទេ?” ។ ព្រះថេរៈ បានឆ្លើយតបថា “ខ្ញុំ លែងមានការភ័យខ្លាចហើយ” ។ ភិក្ខុទាំងនោះ បានចោទព្រះថេរៈ ថា “ពោលឣួតនូវព្រះ ឣរហត្តផល” ហើយនាំយករឿងនោះ ក្រាបទូលដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ពន្យល់ ដល់ភិក្ខុទាំងនោះ ថា “ព្រះថេរៈ ពោលត្រឹមត្រូវហើយ” ហើយត្រាស់នូវព្រះគាថានេះ ថា ៖
សព្វសញ្ញោជនំ ឆេត្វា យោ វេ ន បរិតស្សតិ
សង្គាតិគំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា កាត់នូវសញ្ញោជនៈទាំងឣស់បាន មិនរន្ធត់តក់ស្លុត តថាគត
ហៅបុគ្គលនោះ ដែលមិនមានកិលេសជាគ្រឿងជំពាក់ ជាឣ្នករួចស្រឡះ ចាកកិលសេហើយ ថា
ជាព្រាហ្មណ៍ ។

No comments:
Write comments