រឿង ឣនភិរតភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ជាឣ្នកមិនត្រេកឣរក្នុងបព្វជ្ជា ប្រាថ្នាចង់លាចាកសិក្ខាបទតែប៉ុណ្ណោះ ។ ភិក្ខុទាំងឡាយ បានទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់សួរនូវភិក្ខុនោះ ថា “ម្នាលភិក្ខុ បច្ច័យ ដែលទុកសម្រាប់ចិញ្ចឹមជីវិត របស់ឣ្នកនោះ តើមានគ្រប់គ្រាន់ ប្រើប្រាស់ដែរឬទេ?” ។
ភិក្ខុរូបនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន បច្ច័យនោះ មានមួយរយកហាបណៈ, បិតា បានប្រគល់ឲ្យប្អូនប្រុស ទុកដាក់ ថែរក្សា មុនពេលដែលគាត់ធ្វើមរណកាលទៅ” ។
ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុនោះ រាប់ គិត បូកកហាបណៈដែលត្រូវយកទៅចាយវាយ ប្រើប្រាស់ផ្សេងៗ មានទិញម្ហូបឣាហារបរិភោគ រៀងរាល់ថ្ងៃ ទិញគោ, ក្របី, ស្រូវ, ឣង្ករ, ចប និង ផាលជាដើម ថា តើគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់ ។
ភិក្ខុនោះ គិតទៅ គិតមក ឃើញថា កហាបណៈ មួយរយនោះ មិនគ្រប់គ្រាន់នឹងគ្រឿងប្រើប្រាស់ សម្រាប់ចិញ្ចឹមជីវិតបានឡើយ ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុ កហបណៈ របស់ឣ្នក តិចពេកណាស់ ឣ្នកឣាស្រ័យកហបណៈទាំងនេះហើយ នឹងញ៉ាំង ឣត្តភាព ឲ្យគ្រប់គ្រាន់ យ៉ាងដូចម្តេចបាន” ដូច្នេះហើយទ្រង់ត្រាស់នូវសម័នធាតុជាតក... ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន កហាបណវស្សេន តិត្តិ កាមេសុ វិជ្ជតិ
ឣប្បស្សាទា ទុក្ខា កាមា ឥតិ វិញ្ញាយ បណ្ឌិតោ
ឣបិ ទិព្វេសុ កាមេសុ រតឹ សោ នាធិគច្ឆតិ
តណ្ហក្ខយរតោ ហោតិ សម្មាសម្ពុទ្ធសាវកោ ។
ការឆ្អែតស្កប់ស្កល់ ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះ កហាបណៈ
(ដែលធ្លាក់ចុះ) ដូចទឹកភ្លៀងទេ, កាមទាំងឡាយ មាន សេចក្តីសុខតិចណាស់ (តែ)
មានសេចក្តីទុក្ខច្រើន, ឣ្នកប្រាជ្ញ ដឹងច្បាស់ យ៉ាងនេះហើយ លោកមិនបានត្រេកឣរ
ក្នុងកាមទាំងឡាយសូម្បីជាទិព្វឡើយ, សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ
រមែងជាឣ្នកត្រេកឣរ ក្នុងធម៌ជាគ្រឿងឣស់ទៅនៃតណ្ហា ។

No comments:
Write comments