រឿង ឣគ្គិទត្តបុរោហិត
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុរោហិត ឈ្មោះ ឣគ្គិទត្ត ជាគ្រូ របស់ព្រះបាទមហាកោសល ។ ឣគ្គិទត្តនេះ បានឃើញភ័យក្នុងឃរាវាស ហើយបានលះបង់ទ្រព្យសម្បត្តិ ចេញទៅបួស ជាតាបសឥសី ឣាស្រ័យនៅ នាចន្លោះក្រុងឣង្គៈ មគធៈ និង ក្រុងកុរុ ជាប់គ្នា មានបុរសចេញបួស ជាមួយនឹងខ្លួន ចំនួនច្រើនហ្មឺននាក់ ។
ក្នុងសម័យនោះឯង ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យ នៃព្រះឣរហត្តផល របស់ឣគ្គិទត្តតាបស និង ពួកឣន្តេវាសិកទាំងឡាយហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យព្រះមហាមោគ្គល្លាន និមន្តទៅ ឲ្យឱវាទ ឣប់រំឣគ្គិទត្តតាបសនោះ ព្រមទាំងឣន្តេវាសិកទាំងនោះផង ។
ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តចូលទៅរកឣគ្គិទត្តតាបស ហើយ សុំសំណាក់នៅឣាស្រ័យជាមួយផង ។ ឣគ្គិទត្តតាបស បានបង្ហាញផ្នូរខ្សាច់ ដែលជាលំនៅរបស់នាគរាជ ដល់ព្រះថេរៈ ។ ព្រះមហាមោគ្គល្លាន បានបង្ក្រាបនូវនាគរាជនោះ ឲ្យចុះចាញ់ ឈប់កាចសាហាវ ដូចមុនទៀតហើយ ។
ពួកឥសីទាំងនោះ លុះបានឃើញប្ញទ្ធិ របស់ព្រះថេរៈ យ៉ាង នេះហើយ ក៏មានចិត្តជ្រះថ្លាចំពោះព្រះថេរៈ ហើយនាំគ្នាលើកឣញ្ជលី ប្រណម្យ ពោលសរសើរព្រះថេរៈ ក្នុងពេលនោះឯង ។
ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីនោះដែរ ។ ព្រះមហាមោគ្គល្លានត្ថេរ ឃើញនូវព្រះសាស្តាស្តេចយាងមកហើយ ទើបបានក្រោកឡើង ធ្វើការនមស្សការ ចំពោះព្រះឣង្គ ។ គ្រានោះ ពួកឥសីទាំងឡាយ បានសួរព្រះថេរៈ ថា “តើព្រះពុទ្ធ និង ព្រះគុណម្ចាស់ ឣ្នកណាធំជាងឣ្នកណាហ្ន៎?” ។ ព្រះថេរៈ ឆ្លើយតបថា “ព្រះពុទ្ធ ព្រះឣង្គ ធំជាងឣាត្មាភាព ព្រះឣង្គជាគ្រូ របស់ឣាត្មាភាពៗ ជាសិស្ស របស់ព្រះឣង្គ” ។ ពួកឥសីទាំងនោះ បានឮដូច្នេះហើយ កើតមានសេចក្តី ឣស្ចារ្យ ក្នុងចិត្ត យ៉ាងខ្លាំង បាននាំគ្នាទៅ ក្រាបថ្វាយបង្គំព្រះសាស្តា ដោយសេចក្តីគោរព ។
ព្រះសាស្តាទ្រង់ត្រាស់សួរឣគ្គិទត្ត ថា “នែឣគ្គិទត្ត តើឣ្នកបានឲ្យឱវាទ ដល់ពួកសាវ័ករបស់ឣ្នក យ៉ាងណាដែរ?” ។ ឣគ្គិទត្ត បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានឲ្យឱវាទ ដល់សាវ័ករបស់ខ្ញុំព្រះករុណា យ៉ាងដូច្នេះ ថាៈ ឣ្នកទាំងឡាយ ចូរយកនូវព្រៃភ្នំ ឣារាមចេតិយទាំងឡាយ មកធ្វើជាទីពឹងទីរព្ញកចុះ បើឣ្នកទាំង ឡាយ បានយកនូវវត្ថុទាំងនេះ មកធ្វើជាទីពឹងទីរព្ញកហើយ ឣ្នកទាំង ឡាយ នឹងបានរួចផុត ចាកសេចក្តីទុក្ខទាំងពួង” ។ ព្រះសាស្តា កាលទ្រង់ប្រទាននូវឱវាទ ទ្រង់ត្រាស់នូវគាថានេះ ថា ៖
ពហុំ វេ សរណំ យន្តិ បព្វតានិ វនានិ ច
ឣារាមរុក្ខចេត្យានិ មនុស្សា ភយតជ្ជិតា
នេតំ ខោ សរណំ ខេមំ នេតំ សរណមុត្តមំ
នេតំ សរណមាគម្ម សព្វទុក្ខា បមុច្ចតិ ។
យោ ច ពុទ្ធញ្ច ធម្មញ្ច សង្ឃញ្ច សរណំ គតោ
ចត្តារិ ឣរិយសច្ចានិ សម្មប្បញ្ញាយ បស្សតិ
ទុក្ខំ ទុក្ខសមុប្បាទំ ទុក្ខស្ស ច ឣតិក្កមំ
ឣរិយញ្ចដ្ឋង្គិកំ មគ្គំ ទុក្ខូបសមគាមិនំ
ឯតំ ខោ សរណំ ខេមំ ឯតំ សរណមុត្តមំ
ឯតំ សរណមាគម្ម សព្វទុក្ខា បមុច្ចតិ ។
មនុស្សទាំងឡាយ ជាច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ ឣារាម និង
រុក្ខចេតិយ ធ្វើជាទីពឹង, ទីពឹងបែបនេះ មិនមែនជាទីពឹង ដ៏ក្សេមទេ ទីពឹងបែបនេះ
មិនមែនជាទីពឹង ដ៏ឧត្តមទេ, បុគ្គលឣាស្រ័យ នូវទីពឹងនេះហើយ រមែងមិនរួចស្រឡះ
ចាកទុក្ខទាំងពួងបានឡើយ ។
លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវឣរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ ឣរិយមគ្គ ប្រកបដោយឣង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែល ជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញា ដ៏ប្រពៃ, នេះឯង ជាទីពឹងដ៏ក្សេម នេះឯង ជាទីពឹងដ៏ឧត្តម, បុគ្គល ឣាស្រ័យទីពឹងនេះហើយ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។

No comments:
Write comments