ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ហា របស់ព្រះឣានន្ទត្ថេរ ។ សម័យថ្ងៃមួយ ព្រះឣានន្ទ បានគិតថា “បណ្តាក្លិនទាំងឡាយ ក្លិនដែលកើតឣំពីប្ញស ខ្លឹម និង កើតឣំពីផ្កា រមែងក្រឣូបទៅ តាមខ្យល់ តែម៉្យាងប៉ុណ្ណោះ ក្រឣូបច្រាសខ្យល់ពុំបានឡើយ, តើក្លិនអ្វីទៅហ្ន៎ ដែលក្រឣូបច្រាសខ្យល់បាន?” ហើយ បានចូលទៅ ក្រាបទូលសួរព្រះសាស្តាៗ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន បុប្ផគន្ធោ បដិវាតមេតិ
ន ចន្ទនំ តគរមល្លិកា វា
សតញ្ច គន្ធោ បដិវាតមេតិ
សព្វា ទិសា សប្បុរិសោ បវាយតិ ។
ចន្ទនំ តគរំ វាបិ ឧប្បលំ ឣថ វស្សិកី
ឯតេសំ គន្ធជាតានំ សីលគន្ធោ ឣនុត្តរោ ។
ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់មិនបាន, ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបានដែរ, ចំណែក ក្លិន របស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិន នៃសីលជាគុណជាត ប្រសើរបំផុត ជាងគន្ធជាតទាំងនេះ គឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។

No comments:
Write comments