ព្រះបរមសាស្តា ទ្រង់ប្រារឰការថ្វាយបិណ្ឌបាត្រ ដល់ព្រះមហាកស្សបត្ថេរ ។ សម័យថ្ងៃមួយ ព្រះថេរៈ បានចេញពីនិរោធសមាបត្តិ មានប្រាថ្នាចង់ជួយឣនុគ្រោះ ដល់មនុស្សកំសត់ទុគ៌តទាំង ឡាយ ។
គ្រានោះ ព្រះឥន្ទ្រាធិរាជ និង នាងសុជាតាទេវធីតា បានចុះមកបន្លំខ្លួន ធ្វើជាតាចាស់ យាយចាស់ កំសត់ទុគ៌ត ឣង្គុយត្បាញសំពត់ នៅក្នុងទីកន្លែងមួយ ក្បែរទីក្រុងរាជគ្រឹះ ។
ព្រះថេរៈ បាននិមន្តចូលទៅបិណ្ឌបាត្រនៅទីនោះ ។ ព្រះឥន្ទ្រាធិរាជ និង នាងសុជាតា ក្រឡេកឃើញព្រះថេរៈហើយ ធ្វើបីដូចជាមិនដឹងខ្លួនសោះ បានយកបិណ្ឌបាត មកប្រគេនដល់ព្រះថេរៈ ធ្វើជារំភើយ ។
នៅពេលដែលព្រះឥន្ទ្រាធិរាជ និង នាងសុជាតា បានប្រគេនបិណ្ឌបាត រួចស្រេចហើយ, ព្រះថេរៈ បានដឹងច្បាស់ថា “តាចាស់ យាយចាស់ ពីរនាក់នេះ ប្រាកដជាមិនមែនមនុស្សធម្មតាទេ គឺពិតជា ព្រះឥន្ទ្រាធិរាជ និង នាងសុជាតា បានបន្លំខ្លួន មកប្រគេនបិណ្ឌបាត” ដូច្នេះហើយ ក៏បានហាមប្រាមឲ្យព្រះឥន្ទ្រាធិរាជ និង នាងសុជាតា កុះឱ្យធ្វើយ៉ាងដូច្នេះ បន្តទៅទៀត ។
ព្រះឥន្ទ្រាធិរាជ បានសួរព្រះថេរៈ ថា “បពិត្រព្រះគុណម្ចាស់ ទាន ដែលខ្ញុំម្ចាស់បានធ្វើហើយនោះ តើមានផលានិសង្សឬទេ?” ។ ព្រះថេរៈ ឆ្លើយតបថា “ទានរបស់មហារាជ មានផលានិសង្សដ៏ល្អ” ។
ព្រះឥន្ទ្រាធិរាជ ឮយ៉ាងដូច្នោះហើយ មានព្រះទ័យត្រេកឣររីករាយក្រៃលែង បានឧទានសុភាសិតហើយ ទើបបានហោះទៅ កាន់ឋានទេវលោកវិញ ។
ព្រះសាស្តា ទ្រង់ព្រះសណ្តាប់សុភាសិតនោះហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ត្រាស់សម្តែងរឿងនោះឲ្យស្តាប់ ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
ឣប្បត្តោ ឣយំ គន្ធោ យ្វាយំ តគរចន្ទនី
យោ ច សីលវតំ គន្ធោ វាតិ ទេវេសុ ឧត្តមោ ។
ក្លិនក្រស្នា និង ក្លិនចន្ទន៍ ណា, ក្លិននេះ មានប្រមាណតិចទេ, ចំណែក ក្លិននៃបុគ្គលឣ្នកមានសីលទាំងឡាយណា ក្លិននោះ ទើប ក្រឣូបលើសលប់ផ្សាយទៅ ក្នុងទេវលោក និង មនុស្សលោកបាន ។

No comments:
Write comments