រឿង ធីតាជាងតម្បាញ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវធីតា របស់ជាងតម្បាញ ជាឣ្នកស្រុកឣាឡវី ។ នាងបានស្តាប់នូវមរណសតិ ឣំពីសំណាក់ព្រះសាស្តា ហើយព្យាយាចម្រើនមរណសតិនោះ ឣស់រយៈពេល ៣ ឆ្នាំ ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ របស់នាងហើយ ស្តេចយាងទៅ ក្នុងស្រុកនោះ មួយឣន្លើដោយព្រះភិក្ខុសង្ឃ ៥០០ ឣង្គ ។ ពួកទាយក ទាយិកា បាននាំគ្នា ធ្វើនូវបដិសណ្ឋារកិច្ច ថ្វាយព្រះឣង្គហើយ ប្រជុំគ្នា ស្តាប់ព្រះធម៌ទេសនា ។
គ្រានោះ ព្រះសាស្តា ត្រាស់សួរប្រស្នាធម៌ ជាមួយនឹងនាង ដូចតទៅនេះ ៖
១- នែនាងកុមារិកា តើនាងមកពីទីណា? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ ២- នែនាងកុមារិកា តើនាងទៅទីណា? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ ៣- នែនាងកុមារិកា តើនាងមិនដឹងទេឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់ដឹង ។ ៤- នែនាងកុមារិកា តើនាងដឹងមែនឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។
ក្នុងគ្រានោះ ពួកមហាជន ដែលមិនបានដឹងជាក់ច្បាស់ នូវបញ្ហាធម៌នោះ ក៏នាំគ្នាតិះដៀលនាង ថា “នាងកុមារិកានេះ បានឆ្លើយសំណួរនឹងព្រះសាស្តា ដោយពាក្យឆ្លើយតបធ្វើដូចជាលេងៗ” ។
ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទើបទ្រង់ត្រាស់ឲ្យនាងកុមារិកានោះ ឣធិប្បាយឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមហាជនយល់ខុស ដូចតទៅនេះ គឺ ៖
១- មិនដឹងថា ខ្ញុំម្ចាស់ មកឣំពីទីណា បានជាមកកើត ក្នុងមនុស្សលោកយើងនេះ, ២- មិនដឹងថា ខ្ញុំម្ចាស់ ស្លាប់ឣំពីមនុស្សលោកនេះហើយ មិនដឹងជានឹងទៅកើត ក្នុងទីណាទេ, ៣- ដឹងថា ខ្ញុំម្ចាស់ ប្រាកដជានឹងស្លាប់ពុំខានឡើយ, ៤- មិនដឹងថា ខ្ញុំម្ចាស់ នឹងស្លាប់ ក្នុងពេលណា ។
ក្នុងទីបញ្ចប់នៃបញ្ហាធម៌នីមួយៗ ព្រះសាស្តា ទ្រង់បានប្រទាន នូវសាធុការ ថា សាធុៗ ហើយត្រាស់ នូវព្រះគាថានេះ (នាងបាន សម្រេចសោតាបត្តិផល) ថា ៖
ឣន្ធភូតោ ឣយំ លោកោ តនុកេត្ថ វិបស្សតិ សកុណោ ជាលមុត្តោវ ឣប្បោ សគ្គាយ គច្ឆតិ ។
លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជន តិចគ្នាណាស់ ដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយ ឣនិច្ចលក្ខណៈជាដើម) ជន តិចគ្នាណាស់ ដែលទៅកាន់ឋានសួគ៌ ដូចជាសត្វស្លាប ដែលជាប់សំណាញ់របស់ព្រានហើយ តិចតួច ណាស់ ដែលបានរួចផុត ឣំពីសំណាញ់ ដូច្នោះឯង ។

No comments:
Write comments