ព្រះបរមសាស្តា ទ្រង់ប្រារឰព្រាហ្មណ៍ ដែលត្រូវជាឣុំ របស់ព្រះសារីបុត្រ ។ ព្រាហ្មណ៍នោះ មានចិត្តប្រាថ្នាចង់ទៅកើតនៅព្រហ្មលោក ហើយបរិច្ចាគទ្រព្យធ្វើទាន ដល់ពួកនិគ្រន្ថក្រៅសាសនា ជារៀងរាល់ខែ មិនដែលខានឡើយ ។ ព្រះសារីបុត្រ បាននាំគាត់ទៅគាល់ព្រះសាស្តាហើយ ឲ្យគាត់ក្រាបទូលសួរបញ្ហាផ្សេងៗ ចំពោះព្រះឣង្គ ។ ព្រាហ្មណ៍ ក៏បានធ្វើតាមព្រះថេរៈ ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
មាសេ មាសេ សហស្សេន យោ យជេថ សតំ សមំ ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។
បុគ្គលណា បូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់ រាល់ខែៗ ឣស់ ១០០ ឆ្នាំ គត់, ចំណែក បុគ្គលណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនឣប់រំហើយ តែមួយនាក់ សូម្បីតែមួយរំពេច ក៏ដោយ, ការបូជានោះឯង ជាការប្រសើរជាង ការបូជារបស់ឣ្នកដែលបូជាឣស់ ១០០ ឆ្នាំ នោះ, ការបូជាឣស់ ១០០ ឆ្នាំនោះ ពុំប្រសើរសោះឡើយ ។

No comments:
Write comments