khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Monday, December 31, 2018

រឿង ព្រះវនវាសីតិស្សត្ថេរ

Posted by   on Pinterest



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះវនវាសីតិស្សត្ថេរ ជាបុត្ររបស់ញោមឧបដ្ឋាក របស់ព្រះធម្មសេនាបតីសារីបុត្រ ។ ព្រះវនវាសីតិស្សៈ លោកមានសេចក្តីជ្រះថ្លា ចំពោះព្រះសារីបុត្រ តាំងតែពីលោកនៅជាកុមារមកម៉្លេះ លុះឣាយុបាន ៧ ឆ្នាំ ក៏បានចូលទៅបួសជាសាមណេរ នៅក្នុងសំណាក់ព្រះសារីបុត្រ លោកជាឣ្នកបរិបូណ៌ដោយលាភសក្ការៈជាច្រើន តែលោកមិនមានចិត្តត្រេកឣរ ក្នុងលាភសក្ការៈនោះឡើយ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយក្រាបថ្វាយបង្គំសុំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់ មួយកន្លែង រហូតដល់បានសម្រេចឣរហត្តផល ក្នុងទីនោះ ។ ពួកភិក្ខុទាំងឡាយ បានពោលសរសើរគុណ របស់ព្រះថេរៈ ថា “លោកបានធ្វើកម្មដែលគេធ្វើបានដោយកម្រ ហើយបានលះបង់ចោលនូវលាភសក្ការៈ ចូលទៅនៅ ក្នុងព្រៃដ៏ស្ងាត់ តែម្នាក់ឯង រហូតបានសម្រេចព្រះឣរហត្តផល ក្នុងទីបំផុត” ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ការប្រតិបត្តិ ដែលឣាស្រ័យលាភសក្ការៈនោះផ្សេង ការប្រតិបត្តិ ដែលញ៉ាំងសត្វឲ្យដល់ព្រះនិព្វាននោះផ្សេង, ក៏ ឣបាយទាំង ៤ មានទ្វារបើកចំហ ចាំទទួលភិក្ខុដែលរក្សាការប្រតិបត្តិ ដែលឣាស្រ័យលាភសក្ការៈ ដោយឣំណាចការសមាទានធុតង្គ មានការនៅក្នុងព្រៃ ជាដើម ដោយសង្ឃឹមថា “ឣាត្មាឣញ នឹងបានលាភ ព្រោះការប្រតិបត្តនេះ” ចំណែក ភិក្ខុ ឣ្នកលះបង់លាភសក្ការៈ ដែលកើតឡើង ដោយការប្រតិបត្តិ ដែលញ៉ាំងសត្វ ឲ្យដល់ព្រះនិព្វាន ហើយចូលទៅក្នុងព្រៃ ខិតខំព្យាយាម បំពេញសមណធម៌ រមែងបានសម្រេចព្រះឣរហត្តផល” ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖

ឣញ្ញា ហិ លាភូបនិសា ឣញ្ញា និព្វានគាមិនី
ឯវមេតំ ឣភិញ្ញាយ ភិក្ខុ ពុទ្ធស្ស សាវកោ
សក្ការំ នាភិនន្ទេយ្យ វិវេកមនុព្រូហយេ ។

បដិបទា ឣាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង, ភិក្ខុ ជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនោះ យ៉ាងនេះហើយ មិនគួរត្រេកឣរចំពោះលាភសក្ការៈឡើយ គប្បីញ៉ាំងវិវេក ឲ្យចម្រើន ដោយលំដាប់ ។

ចប់ពាលវគ្គ ទី ៥

No comments:
Write comments

អត្ថបទទើបអានហើយ