khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Monday, December 31, 2018

រឿង ព្រះរាធត្ថេរ

Posted by   on Pinterest



ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះរាធត្ថេរដ៏មានឣាយុ ។ កាលដែលលោកនៅជាគ្រហស្ថ ជាមនុស្សក្រខ្សត់ខ្លាំងណាស់ នៅឣាស្រ័យជាមួយនឹងភិក្ខុទាំងឡាយ ដើម្បីចិញ្ចឹមជីវិត ជារៀងរាល់ថ្ងៃ រាធព្រាហ្មណ៍ បានបោសសំឣាតវត្តឣារាម ពុំដែលខានឡើយ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣរហត្តផល របស់រាធព្រាហ្មណ៍ហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនាជាមួយ ។ រាធព្រាហ្មណ៍ បានក្រាបបង្គំទូលសុំបព្វជ្ជា ឧបសម្ប័ទ ព្រោះគាត់មានបំណងចង់បួសខ្លាំងណាស់ អស់ជាច្រើនឆ្នាំហើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកប្រជុំគ្នា ហើយត្រាស់សួរបញ្ជាក់ថា “តើភិក្ខុ ឣង្គណា នឹករព្ញកឃើញ នូវឧបការគុណ របស់ព្រាហ្មណ៍នេះបានដែរ? ” ។

ក្នុងគ្រានោះ ព្រះសារីបុត្រ បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទូលព្រះបង្គំ នឹករព្ញកឃើញនូវឧបការគុណ របស់ព្រាហ្មណ៍ នេះបាន គឺកាលឣំពីពេលមុន គាត់បានប្រគេនបាយមួយវែក ដល់ទូលព្រះបង្គំ” ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ត្រាស់ឲ្យព្រះសារីបុត្របំបួសរាធព្រាហ្មណ៍ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា ក្នុងគ្រានោះឯង ។

លុះបួសហើយ លោកជាឣ្នកដែលគេប្រដៅបានងាយ មិនចចេស ស្តាប់បង្គាប់តាមឱវាទ របស់ព្រះសារីបុត្រ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ភិក្ខុទាំងឡាយ ពោលសរសើរគុណរបស់ព្រះសារីបុត្រ ថា “ជាឣ្នកមានកតញ្ញូកតវេទីតាធម៌ ” ហើយពោលសរសើរព្រះរាធៈ ថា “ជាឣ្នកដែលគេប្រដៅបានដោយងាយ ទទួលឱវាទដោយគោរព” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។

បុគ្គល គួរឃើញនូវឣ្នកប្រាជ្ញណា ដែលជាឣ្នកនិយាយសង្កត់ សង្កិន ចង្អុលប្រាប់ទោស ថា ដូចជាបុគ្គលឣ្នកប្រាប់កំណប់ទ្រព្យឲ្យ ដូច្នោះ គួរគប់រកឣ្នកប្រាជ្ញបែបនោះ (‘ព្រោះថា’) កាលបុគ្គលគប់រកឣ្នកប្រាជ្ញបែបនោះ រមែងមានសេចក្តីគាប់ប្រសើរ មិនមានសេចក្តី ឣាក្រក់ឡើយ ។

No comments:
Write comments

អត្ថបទទើបអានហើយ