ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសុធម្មត្ថេរ ជាចៅឣធិការវត្តឣម្ពាតកវន ក្នុងមច្ឆិកាសណ្ឌនគរ ។ ព្រះសុធម្មត្ថេរ ឃើញចិត្តគហបតី ឣ្នកបានសម្រេចឣនាគាមី ដែលជាឧបដ្ឋាក របស់ខ្លួន មានចិត្តជ្រះថ្លា ជាមួយនឹងព្រះឣគ្គសាវ័ក ច្រើនជាងមករកខ្លួន ដែលធ្វើជាចៅឣធិការវត្ត ហើយបាននិមន្តព្រះឣគ្គសាវ័កជៃមុន ទើបនិមន្តខ្លួនជាខាងក្រោយ បានក្រោធខឹងឣន់ចិត្តយ៉ាងខ្លាំង ចំពោះចិត្តគហបតីនោះ ហើយបាននិយាយចាក់ដោត ដៀមដាម ជាច្រើនប្រការ ក្រោយមក បានរត់ចោលវត្ត ទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជា ឲ្យភិក្ខុទាំងឡាយ នាំព្រះ សុធម្មត្ថេរ មកដើម្បីទៅសុំខមាទោស ចំពោះចិត្តគហបតី ហើយទ្រង់ ត្រាស់ថា “ពិតណាស់ សមណៈ មិនត្រូវប្រកាន់ខ្លួន ឬក៏ មានចិត្តច្រណែន យ៉ាងនេះថា វត្តរបស់ឣញ, ទីលំនៅ របស់ឣញ, ឧបាសក ឧបាសិកា របស់ឣញ, ព្រោះថា បើសមណៈ ធ្វើយ៉ាងដូច្នេះ, កិលេសទាំងឡាយ មានប្ញស្យា និង មានះ ជាដើម រមែងកើតឡើង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣសន្តំ ភាវមិច្ឆេយ្យ បុរេក្ខារញ្ច ភិក្ខូសុ
ឣាវាសេសុ ច ឥស្សរិយំ បូជា បរកុលេសុ ច
មមេវ កត មញ្ញន្តុ គិហិបព្វជិតា ឧភោ
មមេវ ឣតិវសា ឣស្សុ កិច្ចាកិច្ចេសុ កិស្មិញ្ច
ឥតិ ពាលស្ស សង្កប្បោ ឥស្សា មានោ ច វឌ្ឍតិ ។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើជាប្រមុខ (ធ្វើជាធំ) លើពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងឣាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូល នៃជនទាំងឡាយដទៃផង, សេចក្តីត្រិះរិះ រមែងកើតមាន ដល់ភិក្ខុពាល យ៉ាងនេះ គឺ គ្រហស្ថ និង បព្វជិត ទាំងពីរពួក ចូរសំគាល់ នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថា ជាកិច្ច របស់ឣញវិញ, ឣំណាចដ៏ក្រៃលែង របស់ឣញ ចូរមាន ក្នុងកិច្ចតូច ធំ ណាៗ មួយ, (កាលបើយ៉ាងនេះ) ប្ញស្យា និង មានះ រមែងចម្រើនឡើង ។

No comments:
Write comments