ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលជាឣ្នក ចម្រើនវិបស្សនាកម្មដ្ឋាន ។ ពួកភិក្ខុទាំងនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ក្រោយមក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃដ៏ស្ងាត់មួយ ដែលជាទីនៅឣាស្រ័យ របស់ពពួកទេវតាទាំងឡាយ ។
រុក្ខទេវតាទាំងឡាយ បានឃើញនូវពួកភិក្ខុទាំងនោះ ដែលជាឣ្នកមានសីលបរិសុទ្ធ នៅពីខាងក្រោមខ្លួន យ៉ាងដូច្នេះហើយ ក៏នាំគ្នាយកកូនចៅ ចុះពីលើដើមឈើ មកនៅ លើផែនដី ជាការបណ្តោះ ឣាសន្នសិន ដោយនឹកគិតថា “ពួកភិក្ខុទាំងឣស់នេះ នឹងនៅសំណាក់ ក្នុងទីនេះ ប្រហែលជាពីរ ឬ បី ថ្ងៃប៉ុណ្ណោះឯង ហើយនឹងនិមន្តចេញទៅវិញ” ។
ពួកភិក្ខុទាំងនោះ បានកន្លែងសមគួរហើយ មិនចង់និមន្តទៅទីដទៃទៀតឡើយ ហើយគិតគ្នាថា “ពួកយើង នៅក្នុងទីនេះហើយ” ។ ឣាស្រ័យហេតុនេះ ពួករុក្ខទេវតា មានការលំបាក យ៉ាងខ្លាំង ក្នុងការរកទីកន្លែងនៅឣាស្រ័យ ហើយបានសម្តែងឣាការផ្សេងៗ ដែលគួរឲ្យភ័យខ្លាច ដល់ភិក្ខុទាំងនោះ ដើម្បីកុំឲ្យលោកនៅក្នុងទីកន្លែងរបស់ខ្លួនបានតទៅទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញឣាការផ្សេងៗ ដែលគួរឲ្យភ័យខ្លាច ដូច្នេះហើយ ក៏មិនហ៊ាននៅឣាស្រ័យ ក្នុងទីនោះ តទៅទៀតទេ ហើយបាននាំគ្នាទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
ព្រះបរមសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យពួកភិក្ខុទាំងនោះ និមន្ត ត្រឡប់ទៅបំពេញសមណធម៌ ក្នុងទីនោះ ជាថ្មីម្តងទៀត ហើយទ្រង់បានប្រទាននូវឣាវុធ គឺករណីយមេត្តសូត្រ ដល់ភិក្ខុទាំងនោះ ដើម្បីទុកការពារខ្លួន ។
ភិក្ខុទាំងនោះ ក៏បាននិមន្តត្រឡប់ទៅ បំពេញនូវសមណធម៌ ក្នុងទីនោះជាថ្មីម្តងទៀត តាមព្រះបញ្ជារបស់ព្រះសាស្តា ហើយបានស្វាធ្យាយ នូវករណីយមេត្តសូត្រ ដែលព្រះឣង្គទ្រង់ប្រទានឲ្យ ។
ពួករុក្ខទេវតា បានស្តាប់ករណីយមេត្តសូត្រហើយ មានចិត្តប្រកបដោយមេត្តា ជួយនាំគ្នាថែរក្សការពារពួកភិក្ខុទាំងនោះ មិនឲ្យមានសត្វអ្វី មកបៀតបៀនបានឡើយ ។ កាលបើភិក្ខុទាំងនោះ មានសេនាសនៈ សម្រាប់នៅឣាស្រ័យ ដែលជាទីសប្បាយហើយ ចិត្ត ក៏មានឣារម្មណ៍មូលតែមួយ ពិចារណាឃើញនូវរូបរាងកាយ បីដូចជាភាជនៈដី ដែលកើតហើយបែកទៅវិញ ។
ព្រះសាស្តា ទ្រង់បានបញ្ចោញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
កុម្ភូបមំ កាយមិមំ វិទិត្វា
នគរូបមំ ចិត្តមិទំ ថកេត្វា
យោធេថ មារំ បញ្ញាវុធេន
ជិតញ្ច រក្ខេ ឣនិវេសនោ សិយា ។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី គប្បីរក្សាចិត្តនេះ ឲ្យដូចជាគេរក្សាទ្វារនគរ គប្បីច្បាំងនូវមារ ដោយឣាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនបានឈ្នះហើយ មិនគប្បីជាឣ្នក ដំឣក់នៅ ក្នុងធម៌នោះឡើយ ។

No comments:
Write comments