ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ដែលមានរាងកាយស្អុយរលួយ ។ ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ ព្រះថេរៈឣង្គនេះលោកបានកើតជាព្រានព្រៃ ដើរបរបាញ់សត្វស្លាបគ្រប់ជំពូក ធ្វើបាបកម្មនេះ ឣស់រយៈពេលជាច្រើនឆ្នាំ ។ សត្វស្លាបទាំងឡាយ ដែលគាត់ចាប់បានមកនោះ គាត់ទុកសម្រាប់បរិភោគ ក្នុងគ្រួសារខ្លះទុកសម្រាប់លក់ដូរខ្លះ ។ សត្វស្លាបដែលនៅសល់ពីបរិភោគ និង លក់ដូរ គាត់បានធ្វើឲ្យរងទុក្ខហួសប្រមាណ គឺគាត់កាច់ស្លាបខ្លះ កាច់ជើងខ្លះ កុំឲ្យវាហើរ ឬ ដើរទៅណាបាន ។
ថ្ងៃមួយ នៅពេលព្រឹក ព្រានព្រៃនោះ បានឃើញនូវភិក្ខុមួយរូប ជាព្រះខីណាស្រព និមន្តបិណ្ឌបាត្រ ឈរនៅត្រង់មុខផ្ទះរបស់ខ្លួន ក៏មានចិត្តជ្រះថ្លា ចង់ធ្វើបុណ្យដាក់បាត្រ ព្រោះនឹកឃើញថា “ខ្លួនបានធ្វើឣំពើបាបនេះ ជាយូរឆ្នាំមកហើយ ពុំដែលបានធ្វើបុណ្យកុសលអ្វី ដែលជាទីពឹងដល់ខ្លួន បន្តិចសោះឡើយ” លុះបានគិតស្រេចហើយ ក៏បានយកភត្តាហារមក ប្រគេនព្រះខីណាស្រពឣង្គនោះ ដោយចិត្តជ្រះថ្លា រីករាយសប្បាយជាទីបំផុត ។ នៅក្នុងសាសនាព្រះសមណគោតម នៃយើងនេះ បានមកបួសក្នុងសំណាក់នៃព្រះសាស្តា ដោយបសាទសទ្ធា ពេលដែលបួសហើយ លោកកើតមានដំបៅ ពងបែកពាសពេញទាំងរាងកាយ មានក្លិនស្អុយ គួរឲ្យខ្ពើមជាទីបំផុត រហូតដល់ពួកភិក្ខុសាមណេរទាំងឡាយ នៅជាមួយមិនបាន ក៏រត់ចោល ឣស់ បណ្តោយឲ្យលោកនៅលំបាក គ្មានទីពឹងតែម្នាក់ឯង ។
សម័យនោះឯង ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ស្តេចយាង ទៅ ជួយព្យាបាលជម្ងឺ ដោយព្រះឣង្គឯងផ្ទាល់ គឺព្រះឣង្គឲ្យលោកស្រង់ទឹក ជម្រះលាងរាងកាយ ផ្លាស់ស្បង់ចីពរថ្មី ។ ខណៈនោះឯង ព្រះតិស្សត្ថេរ មានរាងកាយគ្រាន់បានធូរស្រាលបន្តិច ។ ព្រះសាស្តា ទ្រង់បានប្រទានព្រះឱវាទ តាមសមគួរហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣចិរំ វតយំ កាយោ បឋវឹ ឣធិសេស្សតិ
ឆុទ្ធោ ឣបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ ។
ឱហ្ន៎ កាយនេះ មិននៅយូរប៉ុន្មានឡើយ តែមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺគេបោះបង់ចោល មុខជានឹងដេកស្តូកស្តឹងលើផែនដី ដូចជាឣង្កត់ឧស រកប្រយោជន៍គ្មានឡើយ ។

No comments:
Write comments