ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ឈ្មោះចិត្តហត្ថៈ ។ ភិក្ខុ រូបនេះ លោកឃើញព្រះពុទ្ធសាសនានេះ មានលាភសក្ការៈ ជាច្រើនកើតឡើង ទើបបានមកបួស ក្នុងព្រះពុទ្ធសាសនា លុះបួសបានមិនយូរប៉ុន្មាន ក៏មានរាងកាយធាត់ធំ មានកម្លាំងច្រើនហើយបានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ លោកបានបួសសឹក សឹកបួស ធ្វើយ៉ាងនេះ ឣស់រយៈពេលដល់ទៅ ៦ លើក រហូតដល់ប្រពន្ធមានផ្ទៃពោះ... នៅលើកទី ៧ លោកបានឃើញប្រពន្ធ របស់ខ្លួនកំពុងតែដេកលក់ មានឣាការគួរខ្ពើម បីដូចជាឣសុភៈហើមប៉ោង ក៏កើតមានចិត្តនឿយណាយធុញទ្រាន់ យ៉ាងខ្លាំង ហើយបានចុះពីលើផ្ទះ ដើរយ៉ាងលឿន សំដៅឆ្ពោះទៅវត្ត មកដល់ពាក់កណ្តាលផ្លូវ ក៏បានសម្រេចសោតាបត្តិផល លុះបានមកដល់វត្តហើយ បានចូលទៅរកព្រះសង្ឃ ដើម្បីសុំបួសជាថ្មីម្តងទៀត ។ ព្រះសង្ឃ មិនព្រមបំបួសឲ្យ តែនាយចិត្តហត្ថៈ ចេះតែសុំឣង្វរករព្រះសង្ឃ ជាច្រើនលើក ច្រើនគ្រា ។ ព្រះសង្ឃ ទន់ចិត្តឣាណិតឣាសូរ ក៏បានបំបួសឲ្យជាថ្មីម្តងទៀត ។ លុះបួសស្រេចហើយ ក៏បានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះ ។
ពួកភិក្ខុទាំងឡាយ មិនឃើញលោកសឹក ដូចជាលើកមុនៗ ទៀត ក៏កើតមានសេចក្តីសង្ស័យ ហើយក៏បានសួរព្រះថេរៈ ថា “ចុះហេតុអ្វី បានជាលោកម្ចាស់ មិនចង់សឹក ដូចជាលើកមុនៗ ទៀត?” ។
ព្រះថេរៈ ឆ្លើយថា “ខ្ញុំ មិនមានការជាប់ជំពាក់អ្វីទៀតហើយ ឈប់មានធម៌ជាគ្រឿងទៅទៀតហើយ” ។ ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត ព្រះឣរហត្តផលដែលមិនមានក្នុងខ្លួន” ហើយបាននាំយករឿងនេះទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹមត្រូវហើយ” ទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣនវដ្ឋិតចិត្តស្ស សទ្ធម្មំ ឣវិជានតោ
បរិប្លវប្បសាទស្ស បញ្ញា ន បរិបូរតិ ។
ឣនវស្សុតចិត្តស្ស ឣនន្វាហតចេតសោ
បុញ្ញបាបប្បហីនស្ស នត្ថិ ជាគរតោ ភយំ ។
ប្រាជ្ញា រមែងមិនបរិបូណ៌ ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាឣណ្តែងទៅ ។ ភ័យ រមែងមិនមាន ដល់បុគ្គលឣ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យនិងបាបលះចោលេហីយ ភ្ញាក់រព្ញកជានិច្ច ។

No comments:
Write comments