រឿង ដំរីបាវេរកៈ
ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰដំរីបាវេរកៈ ជាដំរី របស់ ព្រះបាទបសេនទិកោសល ។ កាលនៅវ័យក្មេង ដំរីនោះ មានកម្លាំងខ្លាំងណាស់ ធ្លាប់ចូលកាន់សមរភូមិ ជាច្រើនលើកមកហើយ លុះដល់ចាស់ទៅ ក៏មានកម្លាំងខ្សោយចុះទៅជាលំដាប់ តាមឣាយុកាលផងដែរ, សម័យថ្ងៃមួយ ដំរីនោះ បានដើរទៅរកស៊ីស្មៅ នៅក្បែរមាត់បឹង ហើយបានធ្លាក់ចុះទៅ ក្នុងភក់ដ៏ជ្រៅ ឡើងមកវិញមិនរួច ។
ព្រះរាជា ទ្រង់ត្រាស់បញ្ជា ឲ្យនាយហត្ថាចារ្យ ជួយយកដំរីនោះឡើងមកវិញ ។ នាយហត្ថាចារ្យបានរៀបចំធ្វើពិធី ដូចជាកងទ័ព វាយស្គរ ឮសូរ យ៉ាងទ្រហឹងអឺងកង ។ ដំរីបាវេរកៈ បានឮសំឡេងស្គរនោះហើយ ក៏កើតសេចក្តីក្លាហាន ខំប្រឹងប្រែង រើខ្លួន ឲ្យរួចផុត ឣំពីភក់ ស្ទុះឡើងមក លើគោកវិញ យ៉ាងឆាប់រហ័ស ។
ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ទើបយករឿងនេះទៅ ក្រាបទូលដល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់ទេសនាឣប់រំ ឲ្យភិក្ខុទាំងនោះ យកធ្វើជាគំរូ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ឣប្បមាទរតា ហោថ សចិត្តមនុរក្ខថ
ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ។
ឣ្នកទាំងឡាយ ចូរត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ
ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់គឺកិលេស ដែលឆ្លងបានដោយកម្រ
ដូចដំរី ដែលជាប់នៅក្នុងភក់ ខំប្រឹងរើខ្លួន ឲ្យបានរួចផុតឣំពីភក់យ៉ាងដូច្នោះ ។

No comments:
Write comments