រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ជាច្រើនរូប មានព្រះឣានន្ទ ជាប្រធាន ដែលបាននាំគ្នា ទៅគាល់ព្រះឣង្គ ក្នុងគ្រាដែលព្រះឣង្គ ស្តេចយាងគេចចេញពីការវិវាទឈ្លោះប្រកែកគ្នា នៃពួកភិក្ខុកោសម្ពី ហើយស្តេចយាងទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន ។
ព្រះឣានន្ទត្ថេរ បានទៅកាន់ព្រៃរក្ខិតវ័ន ហើយបានឲ្យភិក្ខុទាំង ឡាយ សម្រាករង់ចាំ នៅឯខាងក្រៅសិន ខ្លួនលោក តែមួយឣង្គឯងគត់ ក៏បានចូលទៅគាល់ព្រះសាស្តា ។
គ្រានោះ ដំរីបាលិលេយ្យកៈ បានឃើញព្រះឣានន្ទហើយ ក៏ចាប់កំណាត់ឈើ បោលយ៉ាងលឿន តម្រង់ឆ្ពោះទៅរកព្រះឣានន្ទ ។
ព្រះសាស្តាទ្រង់ត្រាស់ហាមថា “កុំឡើយ បាលិលេយ្យកៈ” ។
ដំរីនោះ បានឈប់ដេញ ហើយឈរនៅស្ងៀម ចាំមើល... ឃើញព្រះថេរៈ ចូលទៅគាល់ព្រះសាស្តាហើយ មិនយកគ្រឿងបរិក្ខាររបស់ខ្លួន ដាក់លើទីប្រថាប់ របស់ព្រះសាស្តា ក៏មានចិត្តជ្រះថ្លាក្នុងគារវៈ របស់ព្រះឣានន្ទ ។
ព្រះឣានន្ទ បានក្រាបទូលព្រះពុទ្ធឣង្គ ថា បពិត្រព្រះឣង្គ ដ៏ ចម្រើន ខ្ញុំព្រះករុណា បាននាំភិក្ខុទាំងឡាយមកដែរ តែបានឲ្យនៅរង់ចាំខាងក្រៅឯណោះ ។
ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់បើកឱកាស ឲ្យភិក្ខុទាំង នោះ ចូលមកគាល់ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
សចេ លភេថ និបកំ សហាយំ សទ្ធឹ ចរំ សាធុវិហារិ ធីរំ
ឣភិភុយ្យ សព្វានិ បរិស្សយានិ ចរេយ្យ តេនត្តមនោ សតីមា ។
នោ ចេ លភេថ និបកំ សហាយំ សទ្ធឹ ចរំ សាធុវិហារិ ធីរំ
រាជាវ រដ្ឋំ វិជិតំ បហាយ ឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។
ឯកស្ស ចរិតំ សេយ្យោ នត្ថិ ពាលេ សហាយតា ឯកោ ចរេ ន ច បាបានិ កយិរា ឣប្បោស្សុកោ មាតង្គរញ្ញេវ នាគោ ។
បើបុគ្គលបាននូវសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន
មានបញ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យ សម្រេច
ជាឣ្នកត្រាច់ទៅជាមួយគ្នា គួរជាឣ្នកមានចិត្តត្រេកឣរ មានសតិស្មារតី
គ្របសង្កត់សេចក្តីឣន្តរាយទាំងពួងហើយ ត្រាច់ទៅ ជា មួយនឹងសំឡាញ់នោះ ។
បើស្វែងរកមិនបាន នូវសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿង រក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំង ប្រយោជន៍ឲ្យសម្រេច ជាឣ្នកត្រាច់ទៅ ជាមួយគ្នាទេ គួរត្រាច់ទៅ តែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋ ដែលទ្រង់ឈ្នះហើយ ស្តេចយាងទៅតែឯកឣង្គ ពុំនោះសោត ដូចដំរី ឈ្មោះមាតង្គៈ ដែលលះ បង់ហ្វូង ត្រាច់ទៅតែឯកឯង ក្នុងព្រៃ ដូច្នោះដែរ ។
ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត (ព្រោះថា) សហាយតាគុណ (ភាពជាសំឡាញ់) រមែងមិនមាន ក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាឣ្នកមានសេចក្តីខ្វល់ខ្វាយតិច ត្រាច់ទៅតែឯកឯងផង មិនគប្បីធ្វើឣំពើបាបទាំងឡាយផង ដូចជាដំរីឈ្មោះមាតង្គៈ ជាសត្វមានសេចក្តីខ្វល់ខ្វាយតិច លះបង់ហ្វូង ត្រាច់ទៅតែឯកឯង ក្នុងព្រៃ ដូច្នោះដែរ ។

No comments:
Write comments