រឿង តិរ្ថិយសាវ័ក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកសាវ័ករបស់តិរ្ថិយ ។ ពួកគេទាំងអស់នោះ បានហាមប្រាមកូនៗ របស់គេ មិនឲ្យចូលទៅកាន់សំណាក់ នៃពួកសមណសាក្យបុត្រ និង មិនឲ្យសំពះ ថ្វាយបង្គំ បូជាគ្រប់ទីកន្លែង ។
សម័យថ្ងៃមួយ កូនៗ របស់ពួកតិរ្ថិយ បានទៅជាមួយកូនៗ របស់ឧបាសកឧបាសិកា ឣ្នកកាន់ព្រះពុទ្ធសាសនា ក្នុងវត្តជេតពន ។ ពេលស្រេកទឹក ក្មេងៗ ទាំងនោះ បាននាំគ្នា ចូលទៅផឹកទឹក ក្នុងវត្ត ហើយបានស្តាប់ព្រះធម៌ទេសនា មានចិត្តជ្រះថ្លា ជឿច្បាស់ ក្នុងគុណព្រះរតនត្រៃនិងសីល ហើយបានត្រឡប់ទៅផ្ទះវិញ និយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយ របស់ខ្លួនឲ្យបានជ្រាបផង ។ ឪពុកម្តាយ បានស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំកូនៗ ទៅគាល់ព្រះសាស្តា រួចថ្វាយខ្លួនជាពុទ្ធមាមកជន ទាំងអស់គ្នា ។
ព្រះសាស្តា កាលទ្រង់សម្តែងព្រះធម៌ទេសនា ពន្យល់ឲ្យពួក គេ ប្រកាន់ជាសម្មាទិដ្ឋិវិញ ទើបត្រាស់នូវព្រះគាថានេះ ថា ៖
ឣវជ្ជេ វជ្ជមតិនោ វជ្ជេ ឣវជ្ជទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
វជ្ជញ្ច វជ្ជតោ ញត្វា ឣវជ្ជញ្ច ឣវជ្ជតោ សម្មាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ សុគតឹ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ
ក្នុងហេតុដែលមិនមានទោស ថា ជាហេតុដែលមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថា
ជាហេតុដែលមិនមានទោសផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ ។សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់ដែលមានទោសថា ជារបស់ដែលមានទោសផង ដឹងរបស់ដែលមិនមានទោស ថា ជារបស់ដែលមិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។
ចប់និយវគ្គ ទី ២២

No comments:
Write comments