khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង ព្រះជោតិកត្ថេរ

Posted by   on Pinterest

រឿង ព្រះជោតិកត្ថេរ


     ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះជដិលត្ថេរ និង ព្រះជោតិកត្ថេរ ។ ក្នុងពេលដែលព្រះថេរៈទាំងពីរនោះ នៅជាគ្រហស្ថ, ជាមហាសេដ្ឋីទាំងពីរនាក់ ជាឣ្នកបានបំពេញបុណ្យកុសល ជាច្រើន ក្នុងឣតីតជាតិ ។
ជដិលសេដ្ឋី មានភ្នំមួយសុទ្ធតែមាស ប្រវែង ៨០ ហាត់ កើតឡើង ដោយខ្លួនឯង នៅឯខាងក្រោយផ្ទះ, បើពេលណា គាត់ត្រូវការចង់បានមាស គាត់ក៏បានចាប់យកចបជីក ទៅជីកយកមាសនោះ មកប្រើប្រាស់ តាមគាត់សេចក្តីត្រូវការ នៅពេលនោះឯង ។ ទីកន្លែងមាសដែលគាត់បានជីកហើយ ក៏បានត្រឡប់ពេញដូចដើមវិញ ។
ជដិលសេដ្ឋី ជាឣ្នកមានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា យ៉ាងខ្លាំង ប្រាថ្នាចង់ចេញទៅបួស ហើយបានចែកទ្រព្យសម្បត្តិ ឲ្យដល់កូន ៣ នាក់ បានទូន្មានឣប់រំកូនទាំងបីនោះ ឲ្យតម្កល់ខ្លួន នៅក្នុងគុណធម៌ដ៏ត្រឹមត្រូវ ហើយបានចេញទៅបួស ក្នុងសំណាក់ នៃព្រះ សាស្តា មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។
សម័យថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធ ព្រមទាំងភិក្ខុសង្ឃ បាននិមន្តទៅទទួលភត្តាហារ នៅឯផ្ទះរបស់កូនព្រះជដិលត្ថេរនោះ ។ ភិក្ខុទាំងឡាយ បានសួរព្រះជដិលត្ថេរ ថា “សេចក្តីត្រូវការ ក្នុងភ្នំមាស និងក្នុងបុត្រទាំងឡាយ តើមាន ក្នុងសន្តានចិត្ត របស់លោកម្ចាស់ ដែរឬទេ?” កាលព្រះថេរៈ ឆ្លើយថា “មិនមានទេ” យ៉ាងនេះហើយ ទើបចោទព្រះថេរៈ ថា “ពោលឣួតព្រះឣរហត្តផល” ហើយនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
យោធ តណ្ហំ បហន្ត្វាន ឣនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ក្នុងលោកនេះ លះបង់តណ្ហាបានហើយ ជាឣ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគត ហៅបុគ្គលនោះ ដែលឣស់តណ្ហា និង ភព ហើយ ថា ជាព្រាហ្មណ៍ ។
ចំណែកឯ ជោតិកសេដ្ឋី មានប្រាសាទ ៧ ជាន់ សុទ្ធតែកសាង ឣំពីកែវ ៧ ប្រការ ប្រកបដោយកំពែង ៧ ជាន់ មានទ្វារ ៧ មានកំណប់ទ្រព្យ៤ កន្លែង បានផុសឡើងនៅតាមជ្រុងប្រាសាទ មានដើមកប្បព្រឹក្ស ដុះឡើង នៅជិតជ្រុងកំពែង ។ ក្នុងពេលរាត្រី មិនពិបាកដុតភ្លើងចង្កៀងប្រទីបឡើយ ព្រោះភ្លឺឯង ដោយពន្លឺនៃកែវ ៧ ប្រការនោះ ដែលសម្រេច ដោយបុញ្ញានុភាពរបស់ខ្លួន ។
ព្រះបាទឣជាតសត្រូវ មានព្រះបំណង ចង់បានទ្រព្យសម្បត្តិ របស់ជោតិកសេដ្ឋី ទើបលើកកងព័ទ ទៅឡោមព័ទ្ធ នូវប្រាសាទនោះ ទ្រង់ទតព្រះនេត្រឃើញកងទ័ព របស់ព្រះឣង្គ ស្ថិតនៅ ត្រង់កំពែងកែវនៃប្រាសាទហើយ បានស្លុតព្រះទ័យយ៉ាងខ្លាំង ទ្រង់មានព្រះសតិស្មារតី ជ្រាបទាន់ពេលវេលា ទើបបានប្រមូលកងទ័ពវិលត្រឡប់ទៅកាន់ព្រះបរមរាជវាំង របស់ព្រះឣង្គវិញ ហើយទ្រង់ស្តេចយាងទៅកាន់វត្តជេតពន ទ្រង់ទតព្រះនេត្រឃើញជោតិកសេដ្ឋី កំពុងតែគាល់ព្រះសាស្តា ក្នុងវត្តជេតពននោះ ។
ជោតិកសេដ្ឋី បានដឹងព្រះរាជបំណង របស់ព្រះបាទឣជាតសត្រូវ ហើយ ទើបក្រាបទូលថា “បពិត្រព្រះមហារាជ ទ្រព្យសម្បត្តិណាមួយ ដែលទូលព្រះបង្គំ មិនទាន់បានឣនុញ្ញាតឲ្យហើយ បុគ្គលបែបណា ក៏ដោយ ក៏មិនឣាចយកទៅបានឡើយ” ។
ព្រះបាទឣជាតសត្រូវ ទ្រង់មិនជឿជោតិកសេដ្ឋីឡើយ ។ សេដ្ឋី ដឹងដូច្នោះហើយ បានក្រាបទូលឲ្យព្រះរាជា ដោះចិញ្ចៀន ដែលពាក់ជាប់នៅនឹងដៃរបស់ខ្លួន ។ ព្រះរាជា មិនឣាចដោះចិញ្ចៀន ចេញពីដៃរបស់ជោតិកសេដ្ឋីបានឡើយ ទាន់តែសេដ្ឋីឣនុញ្ញាតឲ្យហើយ ទើបអាចដោះបាន ។
ជោដិកសេដ្ឋី ឃើញព្រះបាទឣជាតសត្រូវ កំពុងតែឈ្លក់វង្វេង ក្នុងកិលេសតណ្ហាយ៉ាងនេះហើយ ក៏កើតសេចក្តីតក់ស្លុត យ៉ាងខ្លាំង បានក្រាបទូលសុំបព្វជ្ជាឧបសម្ប័ទចំពោះព្រះសម្មាសម្ពុទ្ធ ក្នុងខណៈនោះឯង លុះឧបសម្ប័ទហើយ មិនយូរប៉ុន្មានឡើយ ក៏បានសម្រេចព្រះឣរហត្តផល ។
ទ្រព្យសម្បត្តិ ដែលបានកើតឡើង សម្រាប់ជោតិកសេដ្ឋីនោះ ក៏វិនាសបាត់ឣស់ទៅ ក្នុងពេលជាមួយគ្នានោះដែរ ។ ភិក្ខុទាំងឡាយ បានសួរព្រះជោដិកត្ថេរថា “តើលោកម្ចាស់ មានសេចក្តីឣាឡោះឣាល័យ សោកស្តាយ ចំពោះទ្រព្យសម្បត្តិទាំង ឣស់នោះដែរឬទេ?” កាលព្រះថេរៈ ឆ្លើយថា “មិនមានទេ” ទើបចោទព្រះថេរៈថា “ពោលឣួតព្រះឣរហត្តផល” ហើយនាំយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
យោធ តណ្ហំ បហន្ត្វាន ឣនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។
 បុគ្គលណា ក្នុងលោកនេះ លះបង់តណ្ហាបានហើយ ជាឣ្នក មិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគត ហៅបុគ្គលនោះ ដែលឣស់តណ្ហា និងភព ហើយ ថា ជាព្រាហ្មណ៍ ។

No comments:
Write comments

អត្ថបទទើបអានហើយ