រឿង ព្រះសារីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសារីបុត្រ ។ វេលាថ្ងៃមួយ មានព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិម្នាក់ បានឮគេពោលសរសើរព្រះថេរៈ ថា ជាឣ្នកមិនចេះក្រោធខឹង” ទើចង់ទៅសាកល្បងមើល ។ ក្រោយមក គាត់បានឃើញព្រះសារីបុត្រ កំពុងតែនិមន្តបិណ្ឌបាត ប្រោសសត្វ ទើបយកដៃទៅគក់ខ្នងព្រះថេរៈ លុះដឹងថា ព្រះថេរៈមិនក្រោធខឹង ក៏កើតសេចក្តីជ្រះថ្លា សុំខមាទោសព្រះថេរៈ ហើយបាននិមន្តព្រះថេរៈ ទៅទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។
ក្នុងគ្រានោះ ពួកប្រជាជនខ្លះ បានដឹងថា “ព្រាហ្មណ៍បានវាយព្រះថេរៈ ដែលលោកមិនមានចិត្តក្រោធខឹងនឹងឣ្នកណា” ក៏នាំគ្នាមក ដើម្បីធ្វើបាបព្រាហ្មណ៍នោះ លុះបានឃេញីថា “ព្រាហ្មណ៍នោះ មានចិត្តជ្រះថ្លា ចំពោះព្រះថេរៈ” ក៏នាំគ្នាវិលត្រឡប់ទៅវិញ ។ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។
ព្រះសាស្តា យាងទៅក្នុងទីប្រជុំនោះ ត្រាស់ព្រះគាថានេះថា ៖
ន ព្រាហ្មណស្ស បហរេយ្យ នាស្ស មុញ្ចេថ ព្រាហ្មណោ
ធិ ព្រាហ្មណស្ស ហន្តារំ តតោ ធិ យស្ស មុញ្ចតិ ។
ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោ
យទានិសេធោ មនសោ បិយេហិ
យតោ យតោ ហឹសមនោ និវត្តតិ
តតោ តតោ សម្មតិមេវ ទុក្ខំ ។
ព្រាហ្មណ៍ មិនគួរប្រហារព្រាហ្មណ៍ទេ (ចំណែក)
ព្រាហ្មណ៍(ដែលត្រូវគេវាយប្រហារហើយ) មិនត្រូវចងពៀរ ចំពោះព្រាហ្មណ៍នោះឡើយ
តថាគត តិះដៀលព្រាហ្មណ៍ដែលវាយប្រហារព្រាហ្មណ៍, ព្រាហ្មណ៍ណា ចងពៀរ
ចំពោះព្រាហ្មណ៍នោះ តថាគត តិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។
ការហាមឃាត់ចិត្ត ចាកឣារម្មណ៍ ជាទីស្រឡាញ់ទាំងឡាយណា ការហាមឃាត់ចិត្ត ចាកឣារម្មណ៍ ដែលជាទីស្រឡាញ់ទាំង ឡាយ របស់ព្រាហ្មណ៍នោះ ជាការហាមឃាត់ដ៏ប្រសើរ មិនមែនបន្តិចបន្តួចឡើយ, ចិត្ត ដែលគិតបៀតបៀនគេ រមែងងាកចេញ ចាកវត្ថុណាៗ សេចក្តីទុក្ខ រមែងរម្ងាប់ទៅបាន ព្រោះវត្ថុនោះៗ ។

No comments:
Write comments