រឿង ព្រះនង្គលកូដត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនង្គលកូដត្ថេរ ។ ព្រះថេរៈរូបនេះ កាលពីនៅជាគ្រហស្ថ ជាឣ្នកក្រីក្រលំបាកខ្លាំងណាស់ ស្លៀកពាក់ខោឣាវដាច់ដាច ដើរស៊ីឈ្នួលគេមកចិញ្ចឹមជីវិត, ថ្ងៃមួយ បានឃើញទោស ក្នុងឃរាវាស ក៏បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែបានទុកដាក់នង្គ័ល និង សំពត់ឣាវ ដែលចាស់ដាច់ដាចនោះ យ៉ាងល្អ ក្នុងទីកន្លែងមួយ, កាលបើសេចក្តីឣន្ទះឣន្ទែងចង់សឹក កើតឡើងហើយ ក៏ទៅមើលនង្គ័ល និង សំពត់ខោឣាវ ដែលខ្លួនបានទុក ក្នុងទីនោះ ហើយបានទូន្មានខ្លួន រហូតដល់បាត់សេចក្តីឣន្ទះឣន្ទែងចង់សឹក ស្រេចហើយ ទើបត្រឡប់មកវិញ ។
ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ក៏នាំគ្នាទៅសួរព្រះថេរៈ ថា “ហេតុអ្វីបានជាលោកឯង និមន្តទៅកន្លែងនោះ ញឹកញាប់ម៉្លេះ?” ។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំទៅរកលោកឣាចារ្យរបស់ខ្ញុំ” ។
ក្រោយមក ព្រះសន្តកាយត្ថេរ បានសម្រេចនូវឣរហត្តផល ហើយមិនបាននិមន្តទៅកន្លែងនោះទៀតទេ ។ ភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ទៀតថា “ហេតុអ្វីបានជាលោកឯង មិននិមន្តទៅរកលោកឣាចារ្យ ដូចជាកាលពីមុនទៀត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំ ឈប់ជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះ ទៀតហើយ សេចក្តីជាប់ជំពាក់នោះ ខ្ញុំ ក៏បានកាត់ផ្តាច់ចោលឣស់ហើយ” ។
ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ព្រះថេរៈ ពោលឣួតនូវព្រះឣរហត្តផល” ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់ធានា ថា “ព្រះសន្តកាយត្ថេរ បាន ពោលត្រឹមត្រូវហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
ឣត្តនា ចោទយត្តានំ បដិមំសេតមត្តនា
សោ ឣត្តគុត្តោ សតិមា សុខំ ភិក្ខុ វិហាហិសិ ។
ឣត្តា ហិ ឣត្តនោ នាថោ ឣត្តា ហិ ឣត្តនោ គតិ
តស្មា សំយម ឣត្តានំ ឣស្សំ ភទ្រំវ វាណិជោ ។
ឣ្នកចូរដាស់តឿនខ្លួន ដោយខ្លួនឯង ចូរពិនិត្យខ្លួន ដោយខ្លួនឯង
ម្នាលភិក្ខុ ឣ្នកនោះ បើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅ ជាសុខ ។ មែនពិត
ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង ជាគតិរបស់ខ្លួន ព្រោះហេតុនោះ
ឣ្នកចូររវាំងខ្លួន ដូចជាពាណិជ រវាំងសេះដ៏ល្អ យ៉ាងដូច្នោះឯង ។

No comments:
Write comments