រឿង ព្រះវក្កលិត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះវក្កលិត្ថេរ ។ ពេលដែលព្រះថេរៈ នៅជាគ្រហស្ថ លោកបានឃើញនូវរូបសម្បត្តិ របស់ព្រះសាស្តា ដែលស្អាត គួរជាទីស្រឡាញ់ខ្លាំងណាស់ ទើបបានចូលទៅបួស ដោយនឹកគិត ថា “ឣញនឹងបានឃើញរូបសម្បត្តិដ៏ល្អរបស់ព្រះពុទ្ធ ជារៀងរាល់ថ្ងៃ” ។ លុះបួសរួចហើយ ព្រះវក្កលិ មិនបានរៀនធម៌ឣាថ៌អ្វីសោះ ចាំមើលតែរូបសម្បត្តិ របស់ព្រះពុទ្ធ តែម៉្យាងប៉ុណ្ណោះ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទូន្មានថា “ម្នាលវក្កលិ ឣ្នកបានចូលមកបួស ចាំមើលតែរូបកាយដែលស្អុយរលួយ គួរខ្ពើមនេះ តើបានប្រយោជន៍អ្វី ឣ្នកណាឃើញធម៌ ឣ្នកនោះ ទើបឈ្មោះថា ឃើញតថាគត ឣ្នកណា ឃើញនូវតថាគត ឣ្នកនោះ ទើបឈ្មោះថា ឃើញនូវធម៌” ។
ព្រះវក្កលិ មិនព្រមស្តាប់ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធឡើយ ចាំមើលតែព្រះវរកាយ របស់ព្រះឣង្គ រៀងរាល់ថ្ងៃ ។ ព្រះ សាស្តា ទ្រង់ត្រាស់បណ្តេញព្រះវក្កលិចេញ ។ ព្រះវក្កលិ ខូចចិត្តយ៉ាងខ្លាំង គិតថា “ព្រះពុទ្ធ មិនស្រឡាញ់ខ្លួន” ទើបឡើងទៅ លើកំពូលភ្នំគិជ្ឈកូដ ដើម្បីលោតទម្លាក់ខ្លួនឲ្យស្លាប់ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ចោញនូវព្រះរស្មីទៅ ទ្រង់សម្តែងព្រះវរកាយ ឲ្យព្រះវក្កលិឃើញហើយ ត្រាស់ហៅព្រះវក្កលិ ដើម្បីឲ្យព្រះវក្កលិ កើតបីតិបាមោជ្ជៈហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
បាមោជ្ជពហុលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
ឣធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
ភិក្ខុ ឣ្នកក្រាស់ដោយសេចក្តីរីករាយ ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវ សេចក្តីសុខ ។

No comments:
Write comments