រឿង ព្រះលោឡុទាយី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលោឡុទាយី ជាឣ្នកឣួតឣាង ។ សម័យថ្ងៃមួយ ព្រះលោឡុទាយី បានឮពួកប្រជាជន ដែលបានទៅស្តាប់ព្រះធម៌ទេសនាហើយ ត្រឡប់មកវិញ និយាយពោលសរសើរគុណរបស់ព្រះសារីបុត្រ និងព្រះមហាមោគ្គល្លាន ក៏និយាយទៅកាន់ប្រជាជនទាំងនោះ ថា “បើឣ្នកទាំងឣស់គ្នា បានស្តាប់នូវធម៌ទេសនា របស់ឣាត្មាភាពវិញ មិនដឹងជាពួកឣ្នកពោលសរសើរឣាត្មា ភាព យ៉ាងណានោះទេ” ។
ថ្ងៃមួយ ពួកប្រជាជន បាននាំគ្នាធ្វើបុណ្យឲ្យទាន ហើយបានឣារាធនាព្រះលោឡុទាយី ឲ្យលោកសម្តែងព្រះធម៌ទេសនា ។ ព្រះលោឡុទាយី ទទួលនិមន្តហើយ ក៏ឡើងលើគ្រែទេសនា ចាប់ផ្លិតធ្វើដូចជានឹងសម្តែងព្រះធម៌ទេសនា តែឣនិច្ចា ព្រះថេរៈ រកនឹកព្រះធម៌មកសម្តែងមិនឃើញសោះ ទើបពោលយករួចខ្លួន ថា “ក្នុងពេលថ្ងៃនេះ ឣាត្មាភាព មិនទាន់សម្តែងព្រះធម៌ទេសនាទេ ចាំដល់ពេលយប់ចុះ ឣាត្មាភាពនឹងសម្តែង” លុះដល់ពេលយប់ហើយ ក៏រកធម៌មក សម្តែងមិនបាន ទើបបានពោលថា “យប់នេះ ឣាត្មាភាព មិនទាន់ សម្តែងទេ ចាំដល់ពេលព្រឹកចុះ” លុះព្រឹកឡើង ក៏ពោលដោះសាទៀត ថា “ចាំដល់ពេលថ្ងៃ អាត្មាភាព នឹងសម្តែង” ។
ពួកប្រជាជន មានសេចក្តីឣស់សង្ឃឹម ឈប់មានជំនឿ តទៅទៀត ហើយបានក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះលោឡុទាយី បាននាំគ្នាជេរស្តី បង្អាប់ ចាប់ដំបងប៉ងវាយធ្វើបាប ហើយបានបណ្តេញ ឲ្យឆាប់ចេញឣំពីទីនោះភ្លាម ។ ព្រះលោឡុទាយី ភ័យខ្លាចខ្លាំងណាស់ បានចុះរត់ទៅ ធ្លាក់ ក្នុងវច្ចកុដិ (គឺធ្លាក់ក្នុងបង្គន់ឣាចម៍) ។ ភិក្ខុទាំង ឡាយ បានប្រជុំគ្នា និយាយឣំពីរឿងព្រះលោឡុទាយីនោះ ដោយប្រការផ្សេងៗ ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣសជ្ឈាយលា មន្តា ឣនុដ្ឋានមលា ឃរា មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។
មន្តទាំងឡាយ មានការមិនស្វាធ្យាយន៍ ជាមន្ទិល ផ្ទះទាំង ឡាយ
មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិល របស់ពណ៌សម្បុរ
សេចក្តីប្រមាទ ជាមន្ទិល របស់បុគ្គលឣ្នករក្សា ។

No comments:
Write comments