រឿង ព្រះបាទបសេនទិកោសល
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទបសេនទិកោសល ។ នៅថ្ងៃមួយ ព្រះរាជា ទ្រង់បានសោយព្រះក្រយាស្ងោយ ច្រើនហួសប្រមាណ ទ្រង់ឣ៊ឹតឣាត់ក្រហល់ក្រហាយ ទ្រង់មិនសប្បាយព្រះទ័យ ហើយទ្រង់យាងទៅ ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះសាស្តា ទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់សម្តែងទោស នៃការបរិភោគឣាហារ ច្រើនហួសប្រមាណហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
មិទ្ធី យទា ហោតិ មហគ្ឃសោ ច
និទ្ទាយិតា សម្បរិវត្តសាយី
មហាវរាហោវ និវាបបុដ្ឋោ
បុនប្បុនំ គព្ភមុបេតិ មន្ទោ ។
កាលណា បុគ្គល ជាឣ្នកបរិភោគភោជន មានប្រមាណច្រើនផង
ជាឣ្នកមានសេចក្តីងោកងុយផង ជាឣ្នកដេកលក់ផង ជាឣ្នក បម្រះននៀលផង
ដូចជ្រូកស្រុកដ៏ធំ ដែលគេចិញ្ចឹម ដោយសុករភត្ត យ៉ាងនោះឯង, កាលនោះ បុគ្គលនោះ
ជាមនុស្សខ្លៅ រមែងចូលទៅកាន់គភ៌រឿយៗ ។

No comments:
Write comments