រឿង ព្រះលោឡុទាយិត្ថេរ
ព្រះពុទ្ធទ្រង់បានសំដែងរឿងនិទានអំពីព្រះលោឡុទាយិត្ថេរ ។ លោឡទាយីជាមនុស្សម្នាក់ដែលនិយាយ ឬធ្វើកិច្ចការខុសពីការគិតរបស់គាត់ ។ នៅពេលមហាជនធ្វើកិច្ចការដែលជាមង្គល, លោឡុទាយីពោលពាក្យឣពមង្គល ឧទាហរណ៍ គាត់និយាយអំពីរឿងប្រេតទាំងឡាយដែលមានចែងនៅក្នុង តិរោកុឌ្ឌសូត្រ ។ នៅពេលមហាជនធ្វើកិច្ចការដែលជាឣពមង្គល, លោកបែរជានិយាយរឿងមង្គល ឧទាហរណ៍រឿងនៅក្នុងរតនសូត្រ ។
ភិក្ខុទាំងឡាយបានទូលសួរព្រះពុទ្ធអំពីរឿងនោះ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “អំពើរបស់ព្រះលោឡុទាយីនេះមិនមែនកើតឡើងតែនៅក្នុងជាតិនេះប៉ុណ្ណោះទេ សូម្បីក្នុងឣតីតជាតិក៏គាត់ជាឣ្នកធ្វើកិរិយាបែបនេះដែរ” ។ ទ្រង់បានសម្តែងឣតីតនិទានថា “កាលនៅក្នុងជាតិ លោឡុទាយីនេះគឺជាព្រាហ្មណ៍ម្នាក់ឈ្មោះឣគ្គិទ័ត ។ គាត់មានគោមួយនឹមសម្រាប់ភ្ជួរស្រែ ប៉ុន្តែគោមួយក្បាលបានងាប់បាត់ទៅ ។ គាត់នៅសល់តែគោមួយក្បាលប៉ុណ្ណោះ ។ ក្រោយមក ព្រាហ្មណ៍នោះបានចូលទៅគាល់ព្រះរាជាក្រុងពារាណសី ដើម្បីទូលសុំគោមួយក្បាលឲ្យគ្រប់មួយនឹមដូចដើមវិញ ។ នៅពេលដែលគាត់ចូលទៅទូលសុំគោពីព្រះរាជា គាត់ត្រឡប់ជាយកគោដែលនៅសល់មួយក្បាលនោះទៅថ្វាយដល់ព្រះរាជាទៅវិញ” ។ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
ឣប្បស្សុតាយំ បុរិសោ ពលិពទ្ទោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។
បុរសគ្មានការចេះដឹង ពេលចាស់ទៅនឹងក្លាយជាឥតឣំពើ ប្រៀបដូចគោចាស់ដែលមនុស្សឈប់ប្រើវាយ៉ាងដូច្នោះដែរ ។ សាច់ទាំងឡាយរបស់វារមែងចម្រើនឡើង ប៉ុន្តែបញ្ញារបស់វាមិនបានចម្រើនឡើយ ។

No comments:
Write comments