khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Monday, December 31, 2018

រឿង ឣានន្ទសេដ្ឋី

Posted by   on Pinterest



ព្រះបរមសាស្តា ទ្រង់បានប្រារឰឣានន្ទសេដ្ឋី ដែលជាមនុស្សកំណាញ់ ស្វិតស្វាញ ។ ឣានន្ទសេដ្ឋីនេះ មានកូនប្រុសមួយ ឈ្មោះមូលសិរិ, គាត់បានកប់កំណប់ទ្រព្យទុក មានប្រាំកន្លែង មិនឲ្យឣ្នកណាម្នាក់បានដឹងឡើយ ។ ថ្ងៃក្រោយមក ឣានន្ទសេដ្ឋីនេះ បានធ្វើមរណកាលហើយ ទៅកើត ក្នុងត្រកូលចណ្ឌាល មានរូបរាងវិកលវិការ មិនសមប្រកបជាមនុស្សនឹងគេ មិនជាទីពេញចិត្ត ដល់ឣ្នកផងទាំងឡាយឡើយ ។

ចាប់តាំងតែអំពីពេលដែលទារកនោះ បានចាប់បដិសន្ធិ មករហូតដល់ពេលសម្រាលចេញមក, ត្រកូលចណ្ឌាលនោះ ក៏ធ្លាក់ខ្លួនក្រីក្រលំបាក រកស៊ីធ្វើកិច្ចការងារ មិនបានរីកចម្រើន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក, ម្តាយ មិនឣាចចិញ្ចឹមកូននោះបាន ក៏បណ្តោយ ឲ្យកូនដើរទៅរកសុំទានគេ យកមកចិញ្ចឹមជីវិត ។ សម័យថ្ងៃមួយ ក្មេងនោះ បានដើរចូលទៅ ដល់ផ្ទះមូលសិរិសេដ្ឋី ដែលជាផ្ទះរបស់ខ្លួន កាលពីជាតិមុន ។

ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ព្រះសាស្តា មានព្រះឣានន្ទ ជា បច្ឆាសមណៈ ស្តេចយាងទៅទីនោះ ទ្រង់ទតព្រះនេត្រឃើញក្មេងនោះហើយ ទ្រង់ត្រាស់ប្រាប់ដល់មូលសិរិសេដ្ឋី ថា “ក្មេងនេះ គឺជា ឣានន្ទសេដ្ឋី បិតារបស់ឣ្នក” ។ មូលសិរិសេដ្ឋី មិនជឿឡើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ ឲ្យ ក្មេងនោះ ប្រាប់កំណប់ទ្រព្យ ដែលខ្លួនបានកប់ទុក កាលពីជាតិមុន ដើម្បីនឹងបញ្ជាក់ឲ្យមូលសិរិសេដ្ឋីជឿ... ហើយទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

បុត្តា មត្ថិ ធនមត្ថិ ឥតិ ពោលា វិហញ្ញតិ
ឣត្តា ហិ ឣត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ ។

ជនពាល តែងព្រួយលំបាក ដោយសេចក្តីសម្គាល់ ថាៈ កូនទាំងឡាយ របស់ឣញមាន, ទ្រព្យ របស់ឣញមាន, តាមដែលពិត សូម្បីខ្លួនរបស់ខ្លួន ក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថា មានមកឣំពីណាបាន ទ្រព្យនឹងរាប់ថា មានមកឣំពីណាបាន ។

No comments:
Write comments

អត្ថបទទើបអានហើយ