ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសទ្ធិវិហារិក របស់ព្រះមហាកស្សបត្ថេរ, សទ្ធិវិហារិកឣង្គនោះ បានយកកិច្ចវត្ត របស់សទ្ធិវិហារិកមួយរូបទៀត ដែលលោកបានធ្វើប្រគេន ដល់ព្រះមហាកស្សបៈ ហាក់ដូចជាខ្លួនបានធ្វើ យ៉ាងដូច្នោះឯង ។ ព្រះមហាកស្សបៈ បានដឹងរឿងនោះហើយ បានឣប់រំទូន្មានប្រៀនប្រដៅ ដើម្បីកុំឲ្យលោកធ្វើឣំពើ ដែលមិនត្រឹមត្រូវ យ៉ាងនេះ តទៅទៀត ។ តែលោកឣង្គនោះ មិនព្រមស្តាប់ មិនព្រមធ្វើតាមឱវាទរបស់ព្រះថេរៈសោះ នៅតែចចេស ក្បាលរឹងហើយ ខឹងនឹងព្រះថេរៈថែមទៀតផង ។
សម័យថ្ងៃមួយ ព្រះមហាកស្សបត្ថេរ បាននិមន្តទៅ កាន់ទីដទៃ ។ សទ្ធិវិហារិកនោះ បានទៅវាយបំបែកនូវគ្រឿងសមណបរិក្ខារ របស់ព្រះថេរៈ បាក់បែក ខូចខាតទាំងឣស់ គ្មានសល់ឡើយ ហើយ បានយកភ្លើង មកដុតនូវបណ្ណសាលា ឲ្យឆេះខ្ទេចខ្ទីឣស់ទៀត ស្រេចហើយ ក៏រត់ចេញពីទីនោះ ទៅកាន់ទីដទៃទៀត ។ សទ្ធិវិហារិក ដែលជាឣ្នកប្រព្រឹត្តត្រឹមត្រូវមួយរូបទៀត ដឹងរឿងនោះហើយ ទើបទៅក្រាបទូល ដល់ព្រះមានព្រះភាគទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវឣតីតនិទាន ថា “កាលដែលសទ្ធិវិហារិករូបនេះកើតជាសត្វពានរ, ព្រះមហាកស្សបៈ កើតជាសត្វគ្រលេងគ្រលោង ពណ៌លឿងខ្ចី ។ នៅពេលដែលមានភ្លៀងធំ បង្អុរធ្លាក់ចុះមក, សត្វពានរនោះ មានរាងកាយរងាញ័រញាក់ យ៉ាងខ្លាំង រកទីកន្លែងជ្រកមិនបាន បោលទៅមក ស្រាប់តែឃើញសំបុកសត្វគ្រលេងគ្រលោងហើយ បានទៅជ្រកសម្រាក នៅក្រោមសំបុកនោះ ដើម្បីការពារខ្លួនកុំឲ្យរងា ។ សត្វគ្រលេងគ្រលោង បានឃើញសត្វពានរ មកជ្រក នៅក្រោមសំបុក របស់ខ្លួនដូច្នោះហើយ ក៏និយាយ ថា “បងពានរឯង មានដៃ ជើង ក្បាល មុខ និង មាត់ ដូចជាមនុស្សដែរ ចុះហេតុដូចម្តេច បានជាបងពានរឯង មិនព្រមធ្វើសំបុកសម្រាប់ជ្រកទឹកភ្លៀងនឹងគេ?” ។
សត្វពានរ បានឮពាក្យតិះដៀល យ៉ាងដូច្នេះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង នឹងសត្វគ្រលេងគ្រលោងហើយ ក៏ស្ទុះទៅទាញ បោចកន្ត្រាក់ ទំលាយសំបុកគ្រលេងគ្រលោង ចោលខ្ទេចខ្ទីទាំងឣស់” នៅក្នុងទីបញ្ចប់ នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ចរញ្ចេ នាធិគច្ឆេយ្យ សេយ្យំ សទិសមត្តនោ
ឯកចរិយំ ទឡ្ហំ កយិរា នត្ថិ ពាលេ សហាយតា ។
បុគ្គលកាលស្វះស្វែងរកកល្យាណមិត្រ បើមិនបានមិត្រ ដ៏ប្រសើរជាងខ្លួន ឬ មិត្រដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យបានខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ (ភាពជាមិត្រ សំឡាញ់) មិនមាន ក្នុងបុគ្គលពាលឡើយ ។

No comments:
Write comments