ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះលកុណ្តកភទ្ទិយត្ថេរ ។ ពួកភិក្ខុ និង សាមណេរទាំងឡាយ ដែលជាបុថុជ្ជន បានឃើញព្រះ ថេរៈ ហើយនាំគ្នាចាប់សិរសាលេងខ្លះ ចាប់ត្រចៀកលេងខ្លះ ចាប់ច្រមុះលេងខ្លះ ហើយនិយាយសើចលេង ដោយប្រការផ្សេងៗ ។ ព្រះលកុណ្តកភទ្ទិយៈ កាលបើពួកភិក្ខុ និង សាមណេរ ប្រឡែងលេង យ៉ាងនេះហើយ ក៏លោកមិនមានសេចក្តីក្រោធខឹង ចំពោះភិក្ខុ និងសាមណេរទាំងនោះដែរ ។
ពួកភិក្ខុសាមណេរទាំងឡាយនោះ ដឹងច្បាស់ថា ព្រះថេរៈមិនចេះក្រោធខឹង ដូច្នេះហើយ ក៏នាំគ្នាពោលសរសើរគុណព្រះថេរៈ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រព មិនក្រោធខឹង មិនញាប់ញ័រ ដូចជាភ្នំថ្មតាន់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សម្មិញ្ជន្តិ បណ្ឌិតា ។
ភ្នំថ្មតាន់ មិនញាប់ញ័រ ព្រោះខ្យល់ យ៉ាងណាមិញ, បណ្ឌិតទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និង ពាក្យសរសើរ ក៏ដូច្នោះដែរ ។

No comments:
Write comments