ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣាយុវឌ្ឍនកុមារ ដែលព្រាហ្មណ៍ម្នាក់បានទាយ ថា “កុមារនេះ នឹងស្លាប់ ក្នុងរយៈពេល ៧ ថ្ងៃ” ។ មាតានិងបិតា របស់កុមារនោះ មានសេចក្តីតក់ស្លុតយ៉ាងខ្លាំង ហើយបានដើរសួររកគ្រឿងការពារ ដើម្បីឲ្យកូនបានរួចផុតពីសេចក្តីស្លាប់ ។ ព្រាហ្មណ៍នោះ ក៏មិនដឹងជាធ្វើយ៉ាងណាដែរ ទើបប្រាប់ឲ្យមាតាបិតា របស់កុមារនោះ ទៅក្រាបទូលសួរព្រះសាស្តា ។
មាតាបិតា ក៏បាននាំកូនទៅ ក្រាបបង្គំទូលសួរព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានជ្រាបដូចជាព្រាហ្មណ៍នោះដែរ ហើយទ្រង់ត្រាស់ នូវហេតុដែលជាគ្រឿងការពារ ចំពោះមរណភ័យនោះ ដោយទ្រង់ត្រាស់ ឲ្យមាតាបិតា របស់កុមារនោះ និមន្តព្រះសង្ឃមកចម្រើនព្រះបរិត្ត រហូត ៧ ថ្ងៃ កុំឲ្យឈប់ គឺ ៧ ថ្ងៃជាប់ៗ គ្នា ។ លុះដល់ថ្ងៃទី ៧ ទើបព្រះសាស្តា ស្តេចយាងទៅ ដោយព្រះឣង្គឯងផ្ទាល់ ។
យក្ស ដែលមានគោលបំណង ចង់ផ្តាច់យកជីវិតកុមារនោះ គ្រាន់តែបានឃើញព្រះសម្មាសម្ពុទ្ធភ្លាម ក៏ភ័យខ្លាចចំពោះពុទ្ធានុភាព ហើយ ក៏បានរត់បាត់ទៅ ក្នុងពេលនោះឯង ។ លុះថ្ងៃទី ៧ បានកន្លងផុតទៅហើយ, ថ្ងៃទី ៨ ក៏បានចូលមកដល់ ជាថ្ងៃដែលហួសកំណត់ នឹងផ្តាច់ នូវឣាយុជីវិត និង ជាថ្ងៃ ដែលកុមារនោះ បានរួចផុតឣំពី សេចក្តីស្លាប់ ហើយបានដល់នូវការចម្រើនដោយឣាយុ រហូតដល់មាន ឣាយុ ១២០ ឆ្នាំ ។
ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងឣាយុវឌ្ឍកុមារនេះដោយប្រការផ្សេងៗ ហើយបានចូលទៅ ក្រាបថ្វាយបង្គំទូលសួរនូវហេតុដែលឣាចធ្វើឲ្យឣាយុបានចម្រើនដទៃទៀតក្រៅពីនេះ ចំពោះព្រះសាស្តា ។
ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖
ឣភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ ចត្តារោ ធម្មា វឌ្ឍន្តិ ឣាយុ វណ្ណោ សុខំ ពលំ ។
ធម៌ទាំងឡាយ ៤ ប្រការ គឺ ឣាយុ ១, វណ្ណៈ ១, សុខៈ ១, ពលៈ ១ រមែងចម្រើន ដល់ឣ្នកដែលមានសេចក្តីឱនកាយ ថ្វាយបង្គំ ជាប្រក្រតី និង ឣ្នកដែលមានសេចក្តីកោតក្រែង ដល់បុគ្គលដែល ចម្រើនជាងខ្លួន ឣស់កាលជានិច្ច ។

No comments:
Write comments