khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Monday, December 31, 2018

រឿង ព្រះមេឃិយត្ថេរ

Posted by   on Pinterest



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមេឃិយត្ថេរ នៅពេលដែលព្រះថេរៈកំពុងធ្វើជាព្រះឧបដ្ឋាកនៅឡើយ ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅឃើញនូវឣម្ពវន្តស្ថាន ជាកន្លែងដែលគួរជាទីរីករាយពេញចិត្ត ហើយបានក្រាបថ្វាយបង្គំសុំលាព្រះឣង្គ ដើម្បីទៅបំពេញសមណធម៌នៅ ក្នុងទីនោះ ។

ព្រះសាស្តា ទ្រង់ត្រាស់ហាមថា “កុំទាន់ឣាលនិមន្តទៅធ្វើឣី្វបង្អង់រង់ចាំ នៅពេលណាដែលរកភិក្ខុ ដែលជាអ្នកឧបដ្ឋាកថ្មី បានជាមុនសិន ហើយសឹមនិមន្តទៅបំពេញសមណធម៌ចុះ” ។

ព្រះមេឃិយៈ មិនព្រមស្តាប់ព្រះតម្រាស់របស់ព្រះឣង្គឡើយ ថែមទាំងបានពោលពាក្យទ្រគោះបោះបោក ទៅរកព្រះឣង្គថា “តើធ្វើដូចម្តេចទៅបាន បើព្រះឣង្គទ្រង់បានសម្រេចកិច្ចឣស់ហើយនោះ តែទូលព្រះបង្គំវិញនោះ មិនទាន់បានសម្រេចគុណធម៌អ្វីទេ កំពុងតែ ប្រតិបត្តិនៅឡើយ នឹងធ្វើឲ្យដូចជាព្រះឣង្គ យ៉ាងណាបាន” ហើយក៏និមន្តទៅទីនោះតែម្តង មិនយូរប៉ុន្មាន ក៏ត្រូវឣកុសលវិត្កកៈ គ្របសង្កត់ យ៉ាងខ្លាំង ទ្រាំពុំបាន ទើបបានត្រឡប់មក ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តាទ្រង់ត្រាស់ថា “នែមេឃិយៈ ធម្មតាចិត្តនេះ ជា ធម្មជាត ដែលត្រាច់រង្គាត់ទៅបានឆ្ងាយណាស់, ការឣប់រំទូន្មានចិត្ត ឲ្យស្ថិតនៅ ក្នុងឣំណាចរបស់ខ្លួនបាន គឺជាការប្រសើរពេកណាស់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ
ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ ។
វារិជោវ ថលេ ខិត្តោ ឱកមោកតឧព្ភតោ
បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ ។

ឣ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចជាឣ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះ ដែលបុគ្គលលើកឡើងចាកឣាល័យ គឺកាមគុណ ៥ ហើយបោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈ ជាទីនៅនៃមារ រមែងញាប់ញ័រ ដូចជាវារិជាត ‘(សត្វដែលកើតក្នុងទឹកមានត្រីជាដើម)’ ដែលឣ្នកនេសាទ ចាប់លើកឡើងផុតអំពីទឹក ហើយបោះទៅលើគោក ‘(តែងបម្រះននៀល)’ យ៉ាង នោះឯង ។

No comments:
Write comments

អត្ថបទទើបអានហើយ