ព្រះបរមសាស្តា ទ្រង់ប្រារឰបាដិកាជីវក ។ បាដិកាជីវកនេះ បានហាមមិនឲ្យនាងគហបតានី ដែលជាឧបដ្ឋាយិកា របស់ខ្លួន ចូលទៅរកព្រះសាស្តា ព្រោះគាត់ខ្លាចនាងរត់ចោលខ្លួន ។
ព្រះសាស្តា ទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ទ្រង់ធ្វើឣនុមោទនា ដោយធម្មីកថា យ៉ាងពីរោះចាប់ចិត្ត ។ នាងគហបតានី បានស្តាប់នូវ ឣនុមោទនា របស់ព្រះឣង្គហើយ មានសេចក្តីជ្រះថ្លារីករាយសប្បាយចិត្ត យ៉ាងក្រៃលែង ហើយទទួលឣនុមោទនា ថា “សាធុៗ” ។
ក្នុងពេលនោះ បាដិកាជីវក កំពុងតែឈរ នៅខាងក្រោយផ្ទះ បានស្តាប់ឮដូច្នោះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង បានជេរប្រទេចព្រះសាស្តា ដោយប្រការផ្សេងៗ រហូតនាងគហបតានី ទ្រាំលែងបាន ។
ព្រះសាស្តា ទ្រង់ត្រាស់លួងលោមនាងគហបតានី ដោយព្រះធម៌ទេសនា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន បរេសំ វិលោមានិ ន បរេសំ កតាកតំ
ឣត្តនោវ ឣវេក្ខេយ្យ កតានិ ឣកតានិ ច ។
ពាក្យចាក់ដោតទាំងឡាយ របស់ជនដទៃ បុគ្គលមិនគួរធ្វើទុក ក្នុងចិត្តឡើយ, កិច្ចការដែលគេធ្វើហើយ និង មិនទាន់ធ្វើហើយ របស់ជនដទៃ បុគ្គល មិនគួរពិនិត្យមើលឡើយ, បុគ្គល គួរតែពិនិត្យពិចារណាកិច្ចការទាំងឡាយ ដែលធ្វើហើយ និង មិនទាន់ធ្វើហើយ របស់ខ្លួនតែម៉្យង ។

No comments:
Write comments