រឿង នាងរូបនន្ទាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងរូបនន្ទាថេរី ជាធីតារបស់នាងគោតមី ។ ព្រះនាងរូបនន្ទាថេរី បានឃើញព្រះញាតិវង្ស ចេញបួសជាច្រើននាក់ ទើបបានចេញទៅបួសក្នុងសំណាក់នៃនាងភិក្ខុនី ។ ចាប់តាំងពីពេលដែលនាងបួសមក នាងមិនចង់ទៅគាល់ព្រះសាស្តាសោះ ព្រោះខ្លាចព្រះពុទ្ធ សម្តែងធម៌ទេសនាឣំពីរូប របស់នាង តែនាងបានឮគេពោលសរសើរ នូវព្រះធម៌ទេសនា របស់ព្រះឣង្គ ជា រឿយៗ ។ ថ្ងៃមួយ នាងបានទៅ លបស្តាប់ព្រះធម៌ទេសនា ជាមួយនឹងនាងភិក្ខុនី ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបទ្រង់សម្តែងព្រះធម៌ទេសនាឣប់រំ ពន្យល់ ឲ្យនាងរូបនន្ទាថេរី ឃើញជាក់ច្បាស់ នូវសេចក្តីប្រែប្រួលទៅនៃនាម និងរូប ដោយលំដាប់ ។ នាងរូបនន្ទាថេរី បានស្តាប់ហើយ ក៏ឣស់សេចក្តីស្រឡាញ់ ក្នុងនាមរូប ហើយបានសម្រេច នូវសោតាបត្តិផល ។
ថ្ងៃក្រោយមក ព្រះសាស្តា ទ្រង់ត្រាស់ នូវព្រះគាថានេះ (ឲ្យនាងបានសម្រេចព្រះឣរហត្តផល) ថា ៖
ឣដ្ឋីនំ នគរំ កតំ មំសលោហិតលេបនំ
យត្ថ ជរា ច មច្ចុ ច មានោ មក្ខោ ច ឱហិតោ ។
សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួន នឹង សេចក្តីលុបគុណគេ ប្រជុំចុះហើយ ក្នុងសរីរៈណា, (សរីរៈនោះ) ដែល កុសលាកុសលកម្ម ធ្វើហើយ ឲ្យជានគរ របស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ ដោយសាច់ និង ឈាម ។

No comments:
Write comments