រឿង ពហុភណ្ឌិកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុដែលមានគ្រឿងបរិក្ខារ ច្រើន ។ ភិក្ខុរូបនេះ កាលពីនៅជាគ្រហស្ថ ជាកុដុម្ពីក៍ ឣ្នកមានទ្រព្យសម្បត្តិច្រើន ពេលភរិយាស្លាប់ទៅ បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែមុននឹងបួស បានឲ្យគេសាងសាលា និង បន្ទប់សម្រាប់ដាក់នូវរបស់របរផ្សេងៗ, លុះបួសហើយ បានហៅឣ្នកបម្រើមក ដើម្បីឲ្យធ្វើចង្ហាន់ប្រគេន តាមសេចក្តីត្រូវការ វេលាយប់ គ្រងចីវរស្បង់មួយបន្លាស់ផ្សេង វេលាថ្ងៃ គ្រងចីវរស្បង់ មួយបន្លាស់ផ្សេងទៀត មិនឲ្យច្រឡំគ្នា ។ ពួកភិក្ខុទាំងឡាយ បានឃើញដូច្នេះហើយ ទើបនាំគ្នាយករឿងនេះ ទៅក្រាបទូលថ្វាយ ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តាទ្រង់តិះដៀលភិក្ខុរូបនោះជាច្រើន ។ ភិក្ខុរូបនោះ ក៏ក្រោធខឹងនឹងព្រះបរមសាស្តា ហើយបានដោះចីវរចេញ ឣំពីខ្លួនឣស់ នៅសល់តែស្បង់ប៉ុណ្ណោះ ស្រេចហើយ ក៏បានទៅឈរនៅ ក្នុងទីជំនុំនៃពួកបរិស័ទ ។
ព្រះសាស្តា ទ្រង់បាននាំឣតីតនិទានមក សម្តែងថាៈ ក្នុងជាតិដែលភិក្ខុរូបនេះ កើតជាឣារក្សទឹក (ខ្មោចទឹក) ជាឣ្នកប្រាថ្នាចង់បាននូវទេវធម៌ គឺហិរិ និង ឱត្តប្បៈ តែឥឡូវនេះ បានចូលមកបួស ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ត្រឡប់ជាលះបង់ចោល នូវទេវធម៌នេះ ទៅវិញ ហើយបានមកឈរស្លៀកស្បង់តែមួយ ក្នុងចំណោមពុទ្ធបរិស័ទ យ៉ាងនេះ តើព្រោះហេតុដូចម្តេច? ។
ភិក្ខុ រូបនោះ បានឮដូច្នេះហើយ មានការតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង រហូតកើតមានហិរិ និង ឱត្តប្បៈ គ្រងចីវរ ក្រាបថ្វាយបង្គំព្រះសាស្តាហើយ គង់នៅក្នុងទីដ៏សមគួរមួយ ។
ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន នគ្គចរិយា ន ជដា ន បង្កា នានាសកា
តណ្ឌិលសាយិកា វា រជោជល្លំ
ឧក្កុដិកប្បធានំ សោធេន្តិ មច្ចំ ឣវិតិណ្ណកង្ខំ ។
កិរិយាប្រព្រឹត្តិឣាក្រាតកាយ ១, ការទុកសក់ ១, ការដេកលើ ភក់ ១, ការមិនបរិភោគបាយ ១, ការដេកលើផែនដី ១, ការប្រឡាក់ខ្លួន ដោយធូលី ១, ការព្យាយាមឣង្គុយច្រហោង ១ (ទាំងឣស់នេះ) មិនជម្រះសត្វ ដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យ ឲ្យបរិសុទ្ធបានសោះឡើយ ។

No comments:
Write comments