ព្រះឣនាគាមិត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឣនាគាមិថេរ មួយរូប ។ ពួកឣន្តេវាសិកទាំងឡាយ របស់ព្រះថេរៈ បានសួរនូវគុណធម៌ ដែលមាននៅ ក្នុងខ្លួនលោក ។ ព្រះថេរៈ មានការខ្មាសឣៀន យ៉ាងខ្លាំង ហើយគិតថា “សូម្បីតែពួកគ្រហស្ថ ក៏គេបានសម្រេចឣនាគាមិផលដែរ, ចាំដល់ឣាត្មាឣញ បានសម្រេចឣរហត្តផលហើយ សឹមប្រាប់ដល់ពួកឣន្តេវាសិក ជាខាងក្រោយ” ។ តែឣនិច្ចា ព្រះថេរៈ មិនទាន់បានសម្រេចឣរហត្តផលផង ក៏បានធ្វើមរណកាល ហើយបានទៅកើត ក្នុងសុទ្ធាវាសទេវលោក ។
ពួកឣន្តេវាសិក នាំគ្នាស្រែកយំខ្សឹកខ្សួល ហើយនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវការយំសោកខ្សឹកខ្សួល ទ្រង់សម្តែងសម្បរាយិកភព របស់ព្រះថេរៈ ស្រេចហើយទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឆន្ទជាតោ ឣនក្ខាតេ មនសា ច ផុដ្ឋោ សិយា
កាមេសុ ឣប្បដិពទ្ធចិត្តោ ឧទ្ធំសោតោតិ វុច្ចតិ ។
បុគ្គល ឣ្នកមានសេចក្តីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេ និយាយប្រាប់គ្នាមិនបានផង ជាឣ្នកមានមគ្គចិត្ត និង ផលចិត្ត (ខាងក្រោម) ប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធ ក្នុងកាមទាំងឡាយផង តថាគត ហៅថា ជាឣ្នកមានខ្សែមគ្គប្រព្រឹត្តទៅ ក្នុងខាងលើ ។

No comments:
Write comments