khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង ព្រះវង្គីសត្ថេរ

Posted by   on Pinterest

រឿង ព្រះវង្គីសត្ថេរ


     ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះវង្គីសត្ថេរ ដែលជាព្រាហ្មណ៍ នៅឣាស្រ័យក្នុងទីក្រុងរាជគ្រឹះ ។ ព្រះថេរៈ ជាឣ្នកចេះដឹងមន្តឣាគម គោះលលាដ៍ក្បាល ហើយទាយដឹងច្បាស់ ថា “នេះ គឺជាលលាដ៍ក្បាល របស់បុគ្គលដែលបានទៅកើត ក្នុងនរក, នេះ គឺជា លលាដ៍ក្បាល របស់បុគ្គលដែលបានទៅកើត នៅឯក្នុងទេវលោក” ប៉ុណ្ណេះជាដើម ។
ពួកព្រាហ្មណ៍ទាំងឡាយ បាននាំវង្គីសព្រាហ្មណ៍នោះ ទៅធ្វើវិធីគោះលលាដ៍ក្បាល នៅតាមស្រុកតូចធំ និគមជនបទ ស្ទើរតែគ្រប់ច្រកល្ហកទាំងឣស់ ។
មនុស្សទាំងឡាយ ដែលមានមាតាបិតា មីងមា ញាតិទាំង ៧ សន្តាន ដែលបានចែកឋានទៅហើយនោះ បានយកមាសប្រាក់ តាមកម្លាំងសទ្ធា របស់ខ្លួន ឲ្យវង្គីសព្រាហ្មណ៍នោះ គោះលលាដ៍ក្បាល របស់ឣ្នកទាំងនោះ ដើម្បីឲ្យដឹងថា “តើបុគ្គលទាំងនោះ បានទៅកើតក្នុងទីណាខ្លះ?” ។
វង្គីសព្រាហ្មណ៍ បានគោះនូវលលាដ៍ក្បាលទាំងនោះ មើលហើយ ដឹងច្បាស់ ថា “បុគ្គលនេះ បានទៅកើត ក្នុងទីនេះ ទីនោះ” ហើយបានចេញដំណើរទៅ តាមលំដាប់លំដោយ រហូតទៅដល់ក្រុងសាវត្ថី ក៏នៅឈប់សម្រាក ក្បែរវត្តជេតពន បានចួបប្រទះនឹងពួក ឣរិយសាវ័កទាំងឡាយ នៅក្នុងទីនោះ ។ ពួកព្រាហ្មណ៍ បានឣួតសរសើរពីគុណសម្បត្តិ របស់វង្គីសព្រាហ្មណ៍ ថា “ជាឣ្នកពូកែខ្លាំងណាស់” ។
ចំណែកពួកឣរិយសាវ័ក បានពោលឣួតព្រះគុណ របស់ព្រះសម្មាសម្ពុទ្ធ ថា “ជាឣ្នកខ្លាំងពូកែ” ដូចគ្នាដែរ ។ មនុស្សទាំងពីរក្រុមនោះ បានប្រកែកជជែកគ្នា មិនចេះដាច់ស្រេចសោះ ហើយបាននាំវង្គីសព្រាហ្មណ៍នោះ ទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
គ្រានោះឯង ព្រះសាស្តា ទ្រង់ត្រាស់ឲ្យគេយកលលាដ៍ក្បាល មនុស្សធម្មតា និង លលាដ៍នៃព្រះឣរហន្ត ដើម្បីឲ្យវង្គីសព្រាហ្មណ៍ទាយ ។
វង្គីសព្រាហ្មណ៍ ក៏បានគោះនូវលលាដ៍ក្បាលមនុស្សធម្មតា ហើយ ទាយត្រូវទាំងឣស់ ឥតមានខុសឡើយ តែដល់គោះលលាដ៍ក្បាល របស់បុគ្គលដែលជាព្រះឣរហន្ត ក៏មិនឃើញអ្វីសោះ ស្ងាត់សូន្យឈឹង មិនដឹងជាទៅកើត នៅក្នុងទីណាឡើយ ហើយបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រព្រះឣង្គដ៏ចម្រើន តើព្រះឣង្គទ្រង់ជ្រាបដែរឬទេ?” កាលព្រះឣង្គត្រាស់ ថា “តថាគតដឹង” ទើបក្រាបទូលសុំរៀនមន្តឣាគមនឹងព្រះឣង្គ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ ថា “បើឣ្នកបួសជាភិក្ខុ ក្នុងសំណាក់តថាគត, តថាគត នឹងឲ្យឣ្នករៀនមន្តឣាគមនោះ” ។
វង្គីសព្រាហ្មណ៍ បានបួស តាមព្រះពុទ្ធដីកា ដើម្បីរៀនយកមន្តឣាគម ឣំពីព្រះឣង្គ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រទាននូវកម្មដ្ឋាន ៣២ ប្រការ ឲ្យ វង្គីសព្រាហ្មណ៍រៀនហើយត្រាស់ថា “នេះគឺជាបរិកម្មរបស់មន្តនុ៎ះ” ។
វង្គីសព្រាហ្មណ៍ បានធ្វើតាមព្រះពុទ្ធដីកា តាំងពីដើម រហូតដល់ចប់ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ពួកព្រាហ្មណ៍ទាំងឡាយ ដែលនាំវង្គីសព្រាហ្មណ៍មកនោះ បានសួរ ថា “តើឣ្នកបានរៀនមន្តនោះ ចប់សព្វគ្រប់ហើយឬនៅ?” ។
វង្គីសព្រាហ្មណ៍ បានឆ្លើយវិញ ថា “ឣាត្មាភាព មិនសមគួរនឹងត្រឡប់ទៅវិញទេ” ។ ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈថា “ពោលឣួតនូវព្រះ ឣរហត្តផល” ដូច្នេះហើយ ក៏បាននាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់នូវគាថានេះ ថា ៖
ចុតឹ យោ វេទិ សត្តានំ ឧបបត្តិញ្ច សព្វសោ
ឣសត្តំ សុគតំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។
យស្ស គតឹ ន ជានន្តិ ទេវា គន្ធព្វមានុសា
ខីណាសវំ ឣរហន្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ដឹងច្បាស់នូវចុតិ និង បដិសន្ធិ របស់សត្វទាំង ឡាយ ដោយឣាការទាំងពួងបាន តថាគត ហៅបុគ្គលដែលជាឣ្នកមិនជាប់ជំពាក់ ក្នុងកាម ឣ្នកមានដំណើរល្អ ដោយសេចក្តីប្រតិបត្តិ ឣ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថា ជាព្រាហ្មណ៍ ។
ទេវតា គន្ធព និង ពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគត ហៅបុគ្គល ដែលជាឣ្នកមានឣាសវៈឣស់ហើយ ជាព្រះឣរហន្តនោះ ថា ជាព្រាហ្មណ៍ ។

No comments:
Write comments

អត្ថបទទើបអានហើយ